(ក្រចេះ)៖ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ចុះបង្ក្រាបបទល្មើសនេសាទ ដោយរុះរើឧបករណ៍នេសាទខុសច្បាប់ ដុតបំផ្លាញចោល និងបានចាក់លែងត្រីចម្រុះប្រមាណ ២០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ ដើម្បីបន្តនិរន្តរភាពត្រីមេពូជពងកូន និងធនធានជលផល។

ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនោះ បានធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកាចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ សហគមន៍នេសាទ និងប្រជាការពារចំបក់ប្ញស្សីកែវ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

មន្ត្រីជំនាញជលផលខេត្តក្រចេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅក្នុងពេលនោះ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរុះរើ និងដុតបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលសាច់រ៉ាវ ១៩ខ្សែ មានប្រវែង ៩៥០ម៉ែត្រ ,លបរ៉ាវ ១៩គ្រឿង ,របាំងព្រួលស្បៃមុង ៣៦ខ្សែ មានប្រវែង១ពាន់ ៦២០ម៉ែត្រ ,លូស្បៃមុង ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សី ៧៨០ដើម និងបានចាក់លែងត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិប្រមាណ ២០០គីឡូក្រាម ផងដែរ ។

នាឱកាសនោះលោក ទឹម បូរក្ស បានអំពាវនាវដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ តទៅទៀត ក្នុងនោះមានដូចជា អាំងវែកទ័រឆក់ត្រី ឧបករណ៍ស្បៃមុង សាច់អួនក្រលាញឹក និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀត ដែលបង្កមហន្តរាយ និងបំផ្លិចបំផ្លាញធនធានជលផល ឱ្យវិនាសអន្តរាយពីមួយថ្ងៃទៅមួយថ្ងៃនោះ។

លោកអនុរដ្ឋលេខាធិការ ក៏បានស្នើដល់ប្រជានេសាទ ងាកមកចូលរួមថែរក្សាការពារនិងអភិរក្សពូជត្រី ដើម្បីឱ្យធនធានជលផលរបស់យើង ស្ថិតស្ថេរគង់វង្សយូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕