(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង ​នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យក្រុមការងារអ​នុវត្តគម្រោងអប់រំបរិយាប័ន្ន «កុមាររៀន​ កុមារចេះ» ចូលជួបសម្តែងការគួរសម​ និងចែករំលែកនូវលទ្ធផលដែលបានអនុវត្តកន្លងមក។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានា​ក្នុងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ លោកស្រីនាយកទីចាត់ការផែនការ​ និងវិនិយោគ​សាលាខេត្ត​ លោកប្រធាន​ អនុប្រធាន​កាការិយាល័យបឋមសិក្សា នៃមន្ទីរអបរំ​យុវជន​ និងកីឡា​ខេត្ត​ លោកប្រធានការិយាល័យ​ អប់រំយុវជន​ និងកីឡាក្រុងស្វាយរៀង​ និងប្រតិភូក្រុមការងារអនុវត្តគម្រោង​មួយចំនួនទៀត។

ក្នុងឱកាសនោះ អភិបាលខេត្តបានថ្លែងនូវការគាំទ្រ​ និងអរគុណដល់ក្រុមការងារអនុវត្តគម្រោង​ មន្ទីរអប់រំយុវជននិងកីឡា​ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំជម្រុញ​ និងអនុវត្តបានល្អ ក្នុងការចូលរួមលើកកម្ពស់ថ្នាលអប់រំដល់កុមារនៅតាមសាលាបឋមសិក្សាទាំងអស់នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង​ រហូតបានចេញជាផ្លែផ្កាដូចបានឃើញនៅក្នុងបទបង្ហាញនាពេលនេះ​។

សូមជម្រាបជូនថា​ គម្រោងអប់រំបរិយាបន្នគឺមានការប្រមូលផ្តុំដោយអង្គការជាច្រើនត្រូវបានក្រសួងអប់រំ​ យុវជន​ និងកីឡា​ អនុញ្ញាតឲ្យធ្វើសកម្មភាពនៅក្នុងខេត្តស្វាយរៀង​ ចាប់តាំងពីចុងឆ្នាំ២០១៣​ គ្របដណ្តប់លើសាលាបឋម សិក្សាទាំង២៦២ សាលាក្នុងខេត្ត​ ដោយអនុវត្តគម្រោងមានឈ្មោះថា​ «កុមាររៀន​ កុមារចេះ»

គម្រោងនេះ​ ផ្តោតសំខាន់ទៅលើកម្មវិធីសិក្សារបស់កុមារ ដើម្បីលើកកម្ពស់បំណិនអាន សរសេរ និងការប្រឹក្សាគរុកោសល្យនៅកម្រិតថ្នាក់ដំបូង​ ដែលជាគ្រឹះធ្វើឲ្យសិស្សានុសិស្ស​ អាន​ ចេះគិតលេខ​​ បានត្រឹមត្រូវ៕