(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងសហការរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» (International Relations Forum on Changing Global Order and Role of Superpowers for Global Peace, Stability and Prosperity)។ វេទិការនេះ នឹងរៀបចំរយៈពេលមួយថ្ងៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សាលមរតកសិល្បៈខ្មែរ អាគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមការបញ្ជាក់ពីលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា «វេទិកានេះ មានគោលបំណងពិនិត្យសណ្តាប់ធ្នាប់ពិភពលោកថ្មី នៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ជាមួយការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាចនិងការអនុវត្តរបស់ពួកគេសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារៈសំខាន់នៃសន្តិភាព»

វេទិកានេះ នឹងមានវាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថាទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងអ្នកសា្រវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ប្រមាណ ១០០នាក់។ វេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើក, និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបិទ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា នៅចុងវេទិកានេះ ក៏នឹងមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧)។ អនុស្សរណៈនៃការយោគយល់គ្នានេះបញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌសម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៕