(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា បានផ្ញើសារលិខិតគោរពជូនពរ សម្តេច មហាមន្ត្រី គុយ សុផល ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

តាមរយៈសារលិខិតរបស់ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតិបរមា សូមចូលរួមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុត ក្នុងឱកាសដែល ឯកឧត្តម ឧកញ៉ា មហាមន្ត្រី ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា សម្តេច មហាមន្ត្រី គុយ សុផល និងត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»

ឯកឧត្តម ប្រាក់ សុខុន បានបន្ដថា ការទទួលបាននូវគោរមងារ និងមុខតំណែង ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតសម្រាប់ សម្តេច មហាមន្ត្រី ក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង ដែលជាស្ថាប័នកំពូលមួយក្នុងការ ជួយរំលែកនូវព្រះរាជកិច្ចថ្វាយ ព្រះករុណាជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គជួយបីបាច់ថែរក្សា ប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេច មហាមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕