(កំពង់ធំ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជិត ៣០០នាក់។

លោក ហួត ស៊ីនាដ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួលមរណភាព។

លោករដ្ឋលេខា បញ្ជាក់ថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

គួរជម្រាបថា យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតអាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕