(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់លទ្ធផលបណ្ដោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ២៤,៦៨៦នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៧,១២១នាក់។
គ.ជ.ប បានឱ្យដឹងថា សម្រាប់លទ្ធផលរយៈពេល២ថ្ងៃ មានដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩,៧៧៥នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៩,៧៥៦នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១,០៥៦នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២,៧៧៨នាក់។
គ.ជ.ប បានបន្តថា លទ្ធផលសរុបរយៈពេល ២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៤,៦៨៦នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៧,១២១នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ២,០២១នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥,៩៤៧នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២:០០ ដល់ ៥:៣០នាទី។
ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវទៅតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតបាន។
ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។
សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2024 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រចាំថ្ងៃ៕