(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារ និងសរសើរដល់មន្ត្រីនិវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន១១រូប ដែលជាធ្លាប់បម្រើការនិងមានស្នាដៃនាពេលកន្លងមក។ ពិធីសំណេះសំណាលនេះក៏មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការស្ដីទី និងប្រធាននាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួង។

លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានធ្វើរបាយការណ៍សង្ខេបជូនអង្គពីធី។ បន្ទាប់ពីបានស្តាប់របាយសង្ខេបរួចមក លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។

លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តជនគ្រប់រូបដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ ពិសេសការងារលើវិស័យអភិវឌ្ឍន៍ជនបទនាពេលកន្លងមក។

លោករដ្ឋមន្រ្ដីបានបន្តថា «វីរភាពនិងសមិទ្ធផលទាំងអស់នេះ គឺទុកជាបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយ ដើម្បីបន្តខិតខំសម្រេចឲ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០»

គួរជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតសមាគមសង្គហមិត្ត ដើម្បីលើកកម្ពស់ រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពនៃមន្ត្រីគ្រប់រូបក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំថែមទៀត៕