(កណ្ដាល)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា បានបញ្ជាក់ឡើងវិញថា លោកកំពុងស្ថិតនៅក្នុងការពិចារណា លើការប្តឹងឧទ្ធរណ៍ប្រឆាំងដីកាសម្រេចមិនឃុំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល ដែលសម្រេចមិនឃុំខ្លួនជនជាតិវៀតណាម៤នាក់ ពាក់ព័ន្ធបទល្មើសនេសាទ តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ក្រោយឃើញមានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ពីករណីនេះលោក លឹម សុគន្ថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទូរស័ព្ទមកកាន់អង្គភាព Fresh News ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលនេះ ខ្ញុំកំពុងពិចារណា នៅក្នុងរឿងនេះតាមច្បាប់ និងអង្គហេតុដោយព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍តាមមាត្រា២៦៦ និងមាត្រា២៧០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺឲ្យព្រះរាជអាជ្ញាធ្វើការសម្រេចចិត្តក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងរបស់ដីកាសម្រេចរបស់ចៅក្រម ដូច្នេះរយៈពេល៥ថ្ងៃនេះ ព្រះរាជអាជ្ញាថ្លឹងថ្លែងថា តើស្ថានភាពនៃសំណុំរឿងហ្នឹងវាយ៉ាងម៉េច ការពិតវាយ៉ាម៉េច ស្ថានភាពប្រែប្រួលវាយ៉ាងម៉េច បូករួមទាំងស្ថានភាព បាតុភាពសង្គមផងដែរ»។
លោក លឹម សុគន្ថា បានបន្តទៀតថា សិទ្ធិសម្រេចលើការឃុំខ្លួន គឺជាការសិទ្ធិសម្រេចរបស់ចៅក្រមទេ ចៅក្រមមានសិទ្ធិដោយផ្អែកតាមមាត្រា២០៣ និងមាត្រា២០៥ នៅក្នុងនីតិវិធីក្រមព្រហ្មទណ្ឌ បើសាច់រឿងនេះចៅក្រមឃើញថា បើព្រះរាជអាជ្ញាចោទប្រកាន់ទៅមានលក្ខណៈធូរស្រាល គឺមិនសម្រេចឃុំ គឺជាសិទ្ធិរបស់គាត់ តែបើសិនបទល្មើសនេះមិនធ្ងន់ធ្ងរ គាត់អាចដាក់នៅក្រៅឃុំ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កញ្ញា អ៊ី ម៉ាណូកា (ចៅក្រមចុះស្តារ) នៅថ្ងៃទី២៧ ខែកញ្ញា សម្រេចមិនឃុំខ្លួនមនុស្សប្រុសស្រី៤នាក់ ដែលជនជាតិវៀតណាម។ មូលហេតុនៃការសម្រេចនេះកញ្ញា អ៉ី ម៉ាណូកា សំអាងថា ជាបទល្មើសមជ្ឈិម ជនត្រូវចោទមានទីលំនៅ និងមុខរបរពិតប្រាកដ ហើយការសម្រេចមិនឃុំខ្លួននេះ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។
ជនជាតិវៀតណាមទាំង៤នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត តាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ និងបទ ប្រើឧបករណ៍នេសាទស្បៃមុងគ្រប់ប្រភេទ សម្រាប់នេសាទជាលក្ខណៈសិប្បកម្ម ឬ ឧស្សាហកម្ម តាមមាត្រា៩៩ និង ចំណុច៧ ច្បាប់ស្តីពីជលផលប្រព្រឹត្តនៅភូមិខ្លាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦»។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ នគរបាលជំនាញខេត្តកណ្តាល និងនគរបាលស្រុកកោះធំ បង្ក្រាបបានរួមមាន ស្បៃមុងក្រឡាញឹក (សៃយ៉ឺន) ព្រួល និងឡុក លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ កូនត្រីប្រមាណជាង១តោន និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។
កម្លាំងនគរបាលស្រុកកោះធំ ក៏ដូចជាកម្លាំងនគរបាលជំនាញខេត្តកណ្ដាល បានបង្ហាញការអស់ទឹកចិត្ត នៅពេលដែលខ្លួនខិតខំក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសនេសាទ ទាំងកណ្ដាលថ្ងៃ ទាំងនៅលើផ្ទៃទឹក ហើយប្រើពេលវេលាយ៉ាងយូរក្នុងការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងចំណាយថវិកាយ៉ាងច្រើន ក្នុងប្រតិបត្តិការ ចាប់បទល្មើសនេសាទនេះ ប៉ុន្ដែទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល អ៉ី ម៉ាណូកា សម្រេចមិនឃុំខ្លួនជនជាតិ វៀតណាមទាំង៤នាក់នោះទៅវិញ។
បើតាមដីការសម្រេចមិនឃុំខ្លួន ដែលចេញដោយ កញ្ញា អ៉ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិវៀតណាមទាំង៤នាក់នេះ សម្រេចដោះលែងវិញនៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយសំអាងហេតុថា ជនជាតិវៀតណាមទាំង៤នាក់នេះ មានលំនៅ និងមុខរបរពិតប្រាកដ ហើយការសម្រេចមិនឃុំខ្លួន ជនត្រូវចោទ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។
យ៉ាងណាក៏ដោយអង្គភាព Fresh News នៅមិនទាន់អាចសុំការបំភ្លឺពីលោកចៅក្រម អ៉ី ម៉ាណូកា នៅឡើយទេនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សូមជំរាបដំណើររឿង៖ សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងនៅពេញមួយព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ បន្ទាប់ ពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។
លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ី ពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
លោកអធិការស្រុក បានបញ្ជាក់ថា ឧបករណ៍នេសាទដែលបង្ក្រាបបានរួមមាន៖ ស្បៃមុងក្រឡាញឹក (សៃយ៉ឺន), ព្រួល និងឡុក, លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីប្រមាណជាង១តោន(២ទូក) និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចុះសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើ និងដកហូត សម្ភារៈមួយចំនួនបានរៀបរាប់ខាងលើ ហើយត្រូវយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង»។
មន្ដ្រីសមត្ថកិច្ចតូចតាចបានបង្ហើប ប្រាប់អង្គភាព Fresh News ថា «មូលហេតុដែលនាំឲ្យមានជនជាតិវៀតណាម អាចចូលមកនេសាទខុសច្បាប់ យ៉ាងអណាធិបតេយ្យបែបនេះ ក៏ព្រោះតែមានការបើកដៃពីមន្ដ្រីតាមបណ្ដោយព្រំដែន ក្នុងនោះមាននាយនគរបាលប៉ុស្តិ៍ព្រៃកជ្រៃចំណុះឲ្យវរះ ៦០៥តែម្តង ទើបធ្វើឲ្យឈ្មួញចេញចូលដោយសេរីយ៉ាងដូច្នេះ ប៉ុន្ដែចាប់ពីពេលនេះទៅមិនទៀតនោះទេ»៕
(អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន)