(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅបូជនីយដ្ឋានប្រវត្តិសាស្រ្តភ្នំដា ភ្នំជីសូរ និងសារមន្ទីរអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីប្រវត្តិនៃបុរាណដ្ឋាន និងការគ្រប់គ្រងបូជនីយដ្ឋានប្រវត្តិសាស្ត្រទាំងពីរទីតាំង និងសារមន្ទីរនេះក្នុងគោលបំណងផ្សារភ្ជាប់រវាងទ្រីស្តី និងបទពិសោធជាក់ស្តែង មាននិស្សិតចូលរួមប្រមាណ ១០០នាក់។
លោក ជា សម្បត្តិ ប្រធានសារមន្ទីរអង្គរបូរីមានមតិស្វាគមន៍ចំពោះគណៈប្រតិភូសាកលវិទ្យាល័យ ហើយបានលើកបង្ហាញប្រវត្តិភ្នំដា ស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ ជាកន្លែងលិចទឹក៦ខែ និងគោក ៦ខែ មានចំងាយ ១០២គីឡូម៉ែត្រពីក្រុងភ្នំពេញ និងចម្ងាយ ២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។
ភ្នំដា គឺជាប្រាសាទមួយត្រូវបានកសាងនៅលើភ្នំតូចមួយ ហើយត្រូវបានកាសាងឡើងនៅសតវត្សរ៍ទី៦ដោយព្រះមហាក្សត្ររុទ្រវរ្ម័ន។ ប្រាសាទនេះ បានកសាងឡើងពីថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ ជាទ្វាបញ្ឆោត និងទ្វា១ ជាទ្វាពិតនៅជញ្ជាំងខាងជើង នៅខាងក្នុងប្រាសាទមានតាំងលឹង្គព្រះឥសូរសម្រាប់ជាទីសក្ការៈបូជា ហើយជញ្ជាំងក្រាស ប្រាសាទពុំមានរបង (កំពែង ឬកំផែង) ព័ទ្ធជុំវិញទេ មានកម្ពស់៤០ម៉ែត្របែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ហើយជាអតីតរាជធានីដំបូងរបស់ខ្មែរ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។
ភ្នំដាជារមណីយដ្ឋានមួយក្នុងស្រុកអង្គរបុរី នៅក្នុងតំបន់នៃប្រាសាទជាច្រើន។ ភ្នំដាក៏ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៌យ៉ាងពេញនិយមក្នុងខេត្តតាកែវ និងពីរាជធានីភ្នំពេញ ព្រមទាំងខេត្តនានា។
ចំណែកសារមន្ទីរអង្គរបូរីវិញ បានបើកជាលើកដំបូងសម្រាប់សាធារណជនក្នុងឆ្នាំ១៩៩៩ ក្នុងពិធីសម្ពោធ មានតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពអឺរ៉ុប សាកលវិទ្យាល័យហាវ៉ៃ និងធនាគារប្រាសាក់ ហើយនៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៤,៥លានដុល្លារ ដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថវិកាត្រូវបានប្រើប្រាស់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីកែលម្អការតាំងពិពណ៌សារមន្ទីរអង្គរបូរី ក៏ដូចជាការបង្កើតកម្មវិធីអប់រំនៅសារមន្ទីរផងដែរ។
ចំពោះភ្នំជីសូរ ស្ថិតនៅភូមិដក់ពរ ឃុំរៀងស្រុកសំរោង ខេត្តតាកែវ បើធ្វើដំណើរតាមរថយន្តតាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ ៦២គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចម្ងាយ៥ គីឡូម៉ែត្រពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ ២៧គីឡូម៉ែត្រ។
ភ្នំជីសូរមាន កំពស់១៣០ម៉ែត្រ ប្រាសាទភ្នំជីសូរនេះ តាមសិលាចារឹក លើភ្នំជីសូរមានឈ្មោះថា ស្រីសូរ្យបព៌ត ឬ សូរ្យបព៌ត មានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១ ប្រាសាទភ្នំជីសូរនេះនៅក្នុងឆ្នាំ១០១៩ នៃគ្រិស្តសករាជកសាងថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថាសូរ្យបព៌ត ឬ ភ្នំសូរ្យ។
លោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានថ្លែងអំណរគុណក្រៃលែង ចំពោះលោកប្រធានសារមន្ទីរ ហើយក៏បានលើកឡើងពីប្រវត្តិសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានឈ្មោះដើមថា «វិទ្យាស្ថាន ឯកទេសនៃកម្ពុជា» ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០២ ហើយបានកែប្រែរចនាសម្ព័ន្ធ ទៅជាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាល លេខ០១អនក្រ.បក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤។
សាកលវិទ្យាល័យ មានទីតាំងនៅរាជធានីភ្នំពេញ និងមានសាខាតាមខេត្តចំនួន៦ ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន ១,១៨៦នាក់ (នារី ១៧៧នាក់) បាននឹងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥គឺទី១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៤៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥៖ មហាវិទ្យាល័យវិស្វកម្ម មានអាគារសិក្សាសរុបចំនួន ៩អគារ បន្ទប់សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន៩ មានកុំព្យូទ័រ ចំនួន៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង។
សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨អង្គ/នាក់ ព្រមទាំងមានជ័យលាភីដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន ៨លើក នៅរាជធានីភ្នំ ពេញក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង១លើក នៅក្រុងបាត់ដំបង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ព្រមទាំង១លើកទៀតនៅក្រុងសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាបកន្លងទៅថ្មីៗនេះ។
បើគិត២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២៤ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន ៥,៣៤៦នាក់ (នារី ១៦,៧៥៨នាក់ ស្មើ ៣៣,២៨% )។ ទន្ទឹមនឹងនេះមាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន ១១,៧៤៧នាក់ (នារី ៥,៧៨៨នាក់ ស្មើ ៤៩.២៧%) និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យក្នុងការចូលរួមសកម្មភាពសង្គម តាមរយៈសកម្មភាពយុវជនរបស់ស.ស.យ.កសកម្មភាពយុវជន កាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ ដែលគ្រឹះស្ថានសិក្សានានាក្នុងសកលលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកដំណើរការសិក្សាដោយផ្ទាល់ និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គ្រប់ទីតាំង និងសាខាបានប្រែក្លាយវិបត្តិដ៏ធ្ងន់ធ្ងរនេះឱ្យទៅជាឱកាសនិងកាលានុវត្តភាពសម្រាប់បដិវត្តកម្មនៃការអប់រំឌីជីថល ដោយខិតខំពង្រឹងខ្លួន តាមរយៈការបំពាក់ប្រព័ន្ធ និងធនធានបច្ចេកវិទ្យាទាំងការពង្រឹងសមត្ថភាពបុគ្គលិក-សាស្រ្តាចារ្យនិងនិស្សិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំពេញការងារបង្រៀនរៀនស្រាវជ្រាវបានជោគជ័យល្អប្រសើរ។
សាកលវិទ្យាល័យប្តេជ្ញាសម្រេចឱ្យបានជោគជ័យជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកធនធានមនុស្សជាអាទិភាពទី១ នៃអភិក្រមគោលនយោបាយ អភិឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។
ដើម្បីពង្រឹងជំនាញបណ្តុះគំនិតសហគ្រិន ភាពដល់និស្សិតសាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សត ចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។
សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស ចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៉ីស្រាអែលជាដើម។ សាកលវិទ្យាល័យតែងបានចូលរួមវេទិកានិងសន្និសីទអន្តរជាតិធំៗ ក្នុងវិស័យអប់រំមានជាអាទិ៍សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំ អាជីពក្នុង វិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និងសិក្ខាសាលាស្តីពីការធានាគុណភាពអប់រំរបស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាដើម។
ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានា ក្នុងស្រុកចំនួន៥៤៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាមគម្រោងអភិវឌ្ឍន៍នៅទីតាំងគោលរាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរអង្វែងរបស់ខ្លួនព្រមទាំងការអភិវឌ្ឍផ្សេងៗទៀតលើផ្ទៃដី ដែលបានបម្រុងទុកជាង១០ហិកតា នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិតាទៀតស្ថិតនៅសង្កាត់ឪឡោកខណ្ឌកំបូលឱ្យបានមុនឆ្នាំ២០២៧ នាខួប២៥ឆ្នាំរីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដីដែលបានបម្រុងទុករួចហើយដូចថ្មីៗសាកលវិទ្យាល័យកំពុងនិងបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារឧបទេសថ្មីៗបន្ថែមទៀតនៅតាមបណ្តាទីតាំងដូចជា ទីតាំងភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង កំពត និងបន្ទាយមានជ័យ។
សមិទ្ធផលជាផ្លែផ្កា និងជោគជ័យទាំងអស់របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺបានមកពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលគណៈ គ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់ក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺបានមកពីកត្តាប្រទេសជាតិមានសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា។
ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពគុណតម្លៃបញ្ញាច្នៃប្រឌិតខ្ពស់ និងស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សាកលវិទ្យាល័យប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតឆ្លើយតបការវិវត្តន៍ប្រែប្រួលក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម៤.០ នៃដំណាក់កាលសេដ្ឋកិច្ចសង្គមឌីជីថល៕