(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានតាមទៅចាប់ចោរស្រីម្នាក់ដែលបានលួចយកទូរស័ព្ទ និងលុយរបស់ជនជាតិឥណ្ឌា នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ឡូរ៉ូប៉ាក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករនៅស្រុក មកស្នាក់នៅបន្ទប់ខាងលើ ដោយឡែកជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យបានធ្វើសកម្មភាពលួចយកប្រាក់ និងទូរសព្ទ័ដៃទុកនៅលើតុ ពេលជនរងគ្រោះដេក់លក់។ បើតាមលោកស្នងការ វត្ថុតាងចាប់យកបានវិញរួមមាន ទូរសព្ទ័ដៃម៉ាក MOTOROLA ពណ៌ស និងប្រាក់ចំនួន៥០០$។ បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញកសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការ ដើម្បីបន្តនិតិវិធី៕