(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និង លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តបានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងទាំង៣អង្គភាព រួមមានកម្លាំងប្រតិបត្តិការសឹករងឧត្តរមានជ័យ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
លោក ស ថាវី បាននំាយកនូវអំណោយ ដែលមានដូចជា គ្រឿងឧបភោគបរិភោគ និងថវិកា១ចំនួន ចែកជូនដល់កំលាំងទាំង៣ ក្នុង១ អង្គភាពទទួលបាន នំអន្សម៦៥០ ជ្រូក២ បន្លែ២០០គីឡូក្រាម នំធុង៣០ធុង ទឹកក្រូច៣០កេស ទឹកត្រីទឹកស៊ីអ៉ីវ៣០យួរ សង្កសី៧០០ សន្លឹក ត្រី៧០គីឡូក្រាម និងថវិកា១០លានរៀល។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មិនថាតែបុណ្យភ្ជុំបិណ្ឌ ឬក៏បុណ្យចូលឆ្នាំនោះទេ លោក ស ថាវី ក្នុងនាមជាប្រធានគណៈបញ្ជាការរដ្ឋបាល ខេត្ត តែងតែយកចិត្តទុកដាក់ដល់ កងកំលាំងទាំង៣ ដើម្បីផ្សាភ្ជាប់ រវាងសមរភូមិមុខ និង សមរភូមិក្រោយដែលមិនអាចដាច់ពីគ្នា បានឡើយ ដូចសុភាសិត១ឃ្លា បានចែងថា ធ្វើស្រែនិងទឹកធ្វើសឹកនិងបាយ ដោយសារថា លោកបានយល់ច្បាស់ណាស់ពីទុក្ខលំបាក របស់កងទ័ពទាំងអស់គ្នា៕