(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ សាកលវិទ្យាល័យព្រះសីហនុរាជ និងបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីចុះអនុស្សរណ: នៃការយោគយល់ (MoU) ស្តីពី «កិច្ចសហការបណ្តុះស្មារតីស្នេហាជាតិ និងការអប់រំផ្លូវចិត្តតាមទស្សនៈព្រះពុទ្ធសាសនា» ក្រោមអធិបតីភាពសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងនាយឧត្តមសេនីយ៍ សាស្រា្តចារ្យ បណ្ឌិត ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំរំដួល នាយកដ្ឋានបណ្តុះបណ្តាល នៃទីស្តីការក្រសួងមហាផ្ទៃ ។

ដោយមើលឃើញពីគុណតម្លៃនៃព្រះពុទ្ធសាសនា និងឆន្ទៈរួមគ្នាក្នុងវិស័យអប់រំ ការសិក្សាស្រាវជ្រាវ និងការបណ្តុះគំនិតស្នេហាជាតិឱ្យកាន់តែរឹងមាំ និងដើម្បីចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម សាសនា វប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ទើបស្ថាប័នអប់រំទាំងពីរ បានចងសម្ពន្ធភាពជាមួយគ្នា លើកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិ និងការអប់រំផ្លូវចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនា តបតាមអនុសាសន៍ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

MoU នេះ នឹងបង្កើតជាសកម្មភាពសហការនាពេលអនាគតដូចជា ផ្លាស់ប្តូរបទពិសោធន៍ កម្មវិធីសិក្សាអប់រំ ការងារសហគមន៍ វគ្គបណ្តុះបណ្តាល បាឋកថា និងគម្រោងសិក្សាស្រាវជ្រាវរួមគ្នាជាដើម យោងទៅតាមការពិភាក្សាពេលអនុវត្តគម្រោងនីមួយៗ៕