(ភ្នំពេញ)៖ កិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញជា អធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ទឹក ជំនន់ ឆ្នាំ២០២៤ ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ រាជធានីភ្នំពេញថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ដល់ក្រសួងស្ថាប័ននានា និងមន្រ្តីថ្នាក់ក្រោមជាតិដើម្បីអនុវត្តន៏ និងប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

កិត្តិសង្គហបណ្ឌិត បានឱ្យដឹងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំរយៈពេល៥ឆ្នាំម្ដង តាមអាណត្តិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងារ សេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ ដែលបានអនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុង សេនដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម។

កិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការសកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា៖ ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ។ ផែនការនេះ ត្រូវបានបន្តអនុវត្តចក្ខុវិស័យ នៃការសាងសហគមន៍ប្រកបដោយ សុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងមានគោលដៅរួម គឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាតបង់ ផ្នែកសេដ្ឋកិច្ច និងការខូចខាត ដល់ហេ ដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់របស់សហគមន៍ តាមរយៈការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមកម្មវិធីអាទិភាព និងគោលដៅយុទ្ធសាស្ត្រនីមួយៗផងដែរ ។

ជាមួយគ្នានោះ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨ ដែលគ្រប់ ភាគីពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។

គួរបញ្ជាក់ថា ផែនការសកម្មភាពជាតិនេះ មានលទ្ធផលរំពឹងទុកចំនួន ៨ចំណុច៖ ១. ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ២. សមត្ថភាពនៃការយល់ដឹងនិងចំណេះដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យប្រសើរឡើង ៣. ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើ រំហូរដោយផ្សារភ្ជាប់នឹងសហគមន៍ ៤. សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍ ៥. ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយត្រូវបានរៀបចំ ៦. គ្រឿងសម្ភារ និង មធ្យោបាយសំខាន់ៗសម្រាប់ការពារ និងជួយសង្គ្រោះត្រូវបានពង្រឹង ៧. ការអនុវត្តត្រូវប្រកបដោយចំណេះដឹង និងការយល់ដឹងតាមបែបលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង៨. ភាពជាដៃគូជាមួយវិស័យឯកជន នឹងត្រូវបានការជួយគាំទ្រ៕