(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពីការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង (Mekong-Lanchang) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤។

ក្រោមអធិតីភាពលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក LU Qizhi ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន  អ្នកជំនាញអន្តរជាតិមកពី៤ប្រទេសចូលរួម ដូចជាចិន វៀតណាម ឡាវ ថៃ និងអ្នកជំនាញថ្នាក់ជាតិ មានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក មន្ត្រីមន្ទីរវប្បធម៌ខេត្តសៀមរាប ព្រមទាំងមន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់ប្រាសាទចូលរួមផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរ តំបន់មេគង្គ ស្តីពីការអភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) ការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរ (កម្ពុជា) ព្រមទាំងផ្តល់ចំណេះដឹង និងបច្ចេកទេសជាក់ស្តែងទាក់ទងនឹងការអភិរក្ស និងភាពស្របច្បាប់នៃប្រាសាទ ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តល្អៗសម្រាប់ការអភិរក្ស ការធ្វើផែនការ និងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌវប្បធម៌៕