(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ទទួលបានកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពចុះបង្ក្រាប បទល្មើសនេសាទនៅក្នុងរដូវបទនេសាទ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺមានសកម្មភាពយ៉ាងសស្រាក់សស្រាំដែលធ្វើ ឲ្យសកម្មភាពបទល្មើសនេសាទទាំងការប្រើឧបករណ៍ នេសាទខុសច្បាប់បានថយចុះគួរឲ្យកត់សម្គាល់។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្ថែមថា កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បានដឹកនាំកម្លាំង សរុប៥នាក់ចុះល្បាត និងបានប្រទះឃើញការដឹកជញ្ជូនផលអនុផលជលផល ជាប្រភេទកូនកូនត្រីចម្រុះគ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះមន្ត្រីជំនាញរឹបអូសបាននូវវត្ថុតាងមានដូចខាងក្រោម៖ ១-ម៉ូតូសន្តោងរឺម៉ក់ចំនួន១គ្រឿង ២-ត្រីចម្រុះ៥០០គីឡូក្រាម តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួនក្រឡាញឹក និងសាច់ស្បៃមុង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នាកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផលផងដែរ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទកម្លាំង សរុបចំនួន៥នាក់ចុះរុះរើរបាំងលូ ស្បៃមុង នៅក្នុងដែននេសាទចំណុចបឹងខាងកើតភូមិតាមលលើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃដដែល សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រី សែនជ័យ ដឹកនាំដោយលោក រៀល សុខុម នាយសង្កាត់ររដ្ឋបាលជលផលគិរីបានដឹកនាំកម្លាំង សរុបចំនួន១៣នាក់ មធ្យោបាយបាឡាស្មាច់៤គ្រឿង ចុះរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

កម្លាំងចម្រុះបានបំផ្លាញចោលនៅនិងកន្លែងក្នុងនោះមាន របាំងស្បៃមុង១៦កន្លែង ប្រវែង៥០០ម លូស្បៃមុងចំនួន១៦គ្រឿង បង្គោលចំនួន២៧០ដើម ត្រីចំរុះចាក់លែងចូលទៅក្នុងដែននេសាទចំនួន៨០គីឡូក្រាម។

លោកបានបញ្ជាក់ថា កម្លាំងមន្ត្រីជំនាញរបស់លោកនិងបន្តសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុកក្នុងការបន្តចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទ និងការប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ ជាបន្តបន្ទាប់ និងមិនបន្ធូរដៃឡើយ។

ដោយអនុវត្តតាមបទបញ្ជាលេខ០១ប.ប របស់រាជរដ្ឋាភិបាលសារាចរណ៍ណែនាំលេខ០៥ សរណ ស្ដីពីវិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលចុះថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ និងលិខិត បទដ្ឋានពាក់ព័ន្ធផ្សេងៗ ដោយមានការដឹកនាំពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងនោះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមូលដ្ឋានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ៕