(វ៉ាស៊ីនតោន)៖ មន្ត្រីតំណាងអាមេរិក ទទួលបន្ទុកកិច្ចការក្នុងតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក លោក Daniel Russel បានឱ្យដឹងថា សហរដ្ឋអាមេរិកមានបំណងដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ឱ្យបានមុនពេលកំណត់ ឬ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន ខណៈការគំរាមកំហែងដោយមីស៊ីលផ្លោង របស់កូរ៉េខាងជើង កាន់តែកើនឡើង។ នេះបើយោងតាម ការចុះផ្សាយរបស់ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
ការថ្លែងបែបនេះរបស់លោក Daniel Russel ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ(ម៉ោងនៅក្នុង សហរដ្ឋអាមេរិក)នៅចំពោះមុខគណកម្មាធិការជំនួយ ផ្នែកកិច្ចការបរទេស នៃសភាអាមេរិក។ ដោយឡែកឆ្លើយតប ទៅនឹងសំណួរជុំវិញផែនការដាក់ពង្រាយ THAAD នៅឆ្នាំក្រោយនេះ លោក Daniel Russel បានលើកឡើង ដូច្នេះថា «ខ្ញុំមិនអាចនិយាយបានឡើយពីកាលបរិច្ឆេទជាក់លាក់ ហើយប្រហែលជាក្រសួងការពារជាតិអាមេរិក និងកូរ៉េខាងត្បូង ទើបអាចបញ្ជាក់ពីរឿងនេះ។ ប៉ុន្តែស្របពេលដែលយើងមើលឃើញថា កូរ៉េខាងជើងនៅតែបន្តសាកល្បងអាវុធនុយក្លេអ៊ែរ ខ្ញុំអាចនិយាយបានថា THAAD នឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗនេះ»។
គួររំលឹកថា បើទោះបីជា រុស្ស៊ី និង ចិន បានជំទាស់នឹងគម្រោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ក៏ដោយ ក៏លោក Daniel Russel នៅតែអះអាងថា THAAD ជាប្រព័ន្ធការពារតែមួយគត់ ដែលមានសមត្ថភាពទប់ស្កាត់ ការគំរាមកំហែងពីកូរ៉េខាងជើង ពោលគឺវាមិនមានគោលដៅទៅលើ ចិននោះទេ តែទុកសម្រាប់កូរ៉េខាងជើង ហើយម្យ៉ាងវិញទៀត វាជាវិធានការការពារសុទ្ធសាធ និង មិនមែនជាការម្រេចចិត្តមានចរិកនយោបាយអ្វីនោះដែរ៕