(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបធ្វើសវនាការជាមួយ គណៈប្រតិភូនាយទាហាន ជាន់ខ្ពស់ការពារជាតិឥណ្ឌា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហារឌីប បែន្ស (Hardeep Bains) នាយកមហាវិទ្យាល័យការពារជាតិឥណ្ឌា រួមនឹងនិស្សិតច្រើនជាតិសាសន៍របស់មហាវិទ្យាល័យជាច្រើនរូបនៃជំនាន់ទី៦៤ មកបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវការស្វាគមន៍ និងវាតម្លៃ ខ្ពស់ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីវិស័យការពារជាតិនៃកម្ពុជា របស់និស្សិតនាយទាហានជាន់ខ្ពស់នៃមហាវិទ្យាល័យការពារជាតិឥណ្ឌានៅកម្ពុជាលើកនេះ ថាពិតជាបានពង្រឹង ពង្រីកចំណងទាក់ទងកិច្ច សហប្រតិបត្តិការរវាងកងទ័ព ពិសេសការផ្លាស់ប្ដូរបទពិសោធន៍នៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់រវាងនិស្សិតនៃមហាវិទ្យាល័យទាំងពីរកាន់តែល្អប្រសើរ និងមានភាពជិតស្និទ្ធ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ តាំងតែពីយូលុងមកបានបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាបានយ៉ាងល្អប្រសើរ លើវិស័យវប្បធម៌ សេដ្ឋកិច្ច ពិសេសវិស័យការពារជាតិ ដែលឥណ្ឌាធ្លាប់បានធ្វើនាពេលកន្លងមកសម្រាប់ប្រទេសកម្ពុជា ពិសេសការចូលរួមជួយស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ទោ ហារឌីប បែន្ស ជំនួសមុខឱ្យរដ្ឋាភិបាល ក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពឥណ្ឌា បានសម្ដែងនូវការអរគុណចំពោះនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ទាំងអស់ ដែលបានទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាល ដល់ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីវិស័យការពារជាតិរបស់និស្សិតនាយទាហានជាន់ខ្ពស់នៃមហាវិទ្យាល័យការពារជាតិឥណ្ឌានៅកម្ពុជានាលើកនេះ។ មហាវិទ្យាល័យការពារជាតិឥណ្ឌា បានលើកឡើងអំពីបំណងនៃដំណើរទស្សនកិច្ចរបស់និស្សិតច្រើនជាសាសន៍នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា មកកាន់កម្ពុជាលើកនេះ គឺដើម្បីសិក្សាស្វែងយល់អំពីទស្សនៈវិស័យ លើវិស័យការពារជាតិរបស់កម្ពុជា និងទាំងនៅក្នុងតំបន់ និងនៅលើសាកលលោក។

ឧត្តមសេនីយ៍ទោ ហារឌីប បែន្ស បានជម្រាបជូននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថា មហាវិទ្យាល័យការពារជាតិឥណ្ឌា មានទីតាំងនៅក្នុងរដ្ឋធានីដេលី ដែលមហាវិទ្យាល័យនេះ មានការរៀបចំការបណ្ដុះបណ្ដាល នាយទាហាន ជារៀងរាល់ឆ្នាំ ដែលក្នុងមួយឆ្នាំនៃវគ្គសិក្សារយៈពេល ៤៧សប្តាហ៍ ដែលវគ្គបណ្ដុះបណ្តាលនេះ ជីវបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់សម្រាប់ទាំងមន្ត្រីស៊ីវិល និងនាយទាហានមកពីកងទ័ពជើងទឹក កងទ័ពអាកាស និងកងទ័ពជើងគោកជាដើម។ ដែលក្នុងមួយវគ្គនោះទទួលការបណ្ដុះបណ្ដាលសម្រាប់សិក្ខាកាម ១២០នាក់ និង៤០នាក់ ជាមន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសជាមិត្តក្នុងទ្វីបអាស៊ី ហើយរាល់កម្មវិធីសិក្សានោះ បានផ្ដោតសំខាន់ទៅលើទស្សនៈវិស័យសន្តិសុខជាតិ និងផែនការយុទ្ធសាស្ត្រ។

ឧត្តមសេនីយ៍ទោ ហារឌីប បែន្ស បានបញ្ជាក់ថា សិក្ខាកាមទាំង ១២០នាក់នេះ បានបែងចែកជា២០ ជាគ្រុប ហើយបានចេញទៅបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដកពិសោធន៍បន្ថែមនៅប្រទេសអូម៉ង់, នេប៉ាល់, ស្រីលង្កា រួមជាមួយប្រទេសកម្ពុជាផងដែរ ដើម្បីស្វែងយល់អំពីទស្សនៈវិស័យនៃផែនការយុទ្ធសាស្ត្រ ក៏ដូចជាសេដ្ឋកិច្ច នៃប្រទេសដែលយើងបានទៅបំពេញដំណើរទស្សនកិច្ចនោះ។ ជាមួយនេះនាយកមហាវិទ្យាល័យការពារជាតិឥណ្ឌា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា ដែលបានផ្ដល់ការអនុញ្ញាតឱ្យគណៈប្រតិភូនិស្សិតការពារជាតិឥណ្ឌា បានបំពេញដំណើរទស្សនកិច្ច នៅកម្ពុជានាពេលនេះ ព្រមទាំងបានរៀបចំគ្រប់កម្មវិធីដ៏សម្បូរបែបលើសពីតម្រូវការនៃកម្មវិធីសិក្សារបស់និស្សិតមហាវិទ្យាល័យការពារជាតិឥណ្ឌាទៅទៀត។

ឆ្លើយតបទៅនឹងគណៈគ្រប់គ្រងមហាវិទ្យាល័យការពារជាតិឥណ្ឌា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអរគុណចំពោះរដ្ឋាភិបាល កងទ័ពឥណ្ឌា ដែលបានផ្ដល់ការយកចិត្តទុកដាក់និងគាំទ្រគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគ្រប់កម្មវិធីនយោបាយកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទរហូតមក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាគឺជាប្រទេសធំ មានប្រជាជនច្រើន មានសាសនាច្រើន ក្នុងនោះក៏មានសាសនាព្រះពុទ្ធដែលកម្ពុជាបានយកមកជាសាសនាផ្លូវការរបស់រដ្ឋសម្រាប់ប្រជាពលរដ្ឋខ្លួនគោរពបូជាផងដែរ។ ទាក់ទងនឹងកិច្ចសហប្រតិការទំនាក់ទំនងរវាងរដ្ឋាភិបាល និងកងទ័ពនៃប្រទេសយើងទាំងពីរ ឯកឧត្តមបញ្ជាក់ ភាគីយើងទាំងពីរ បានធ្វើការទំនាក់ទំនងគ្នាទាំងនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌ ដែលនៅក្នុងឆ្នាំ២០២២ កន្លងមក ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីឥណ្ឌាក៏បានមកធ្វើទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានៅឯរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាផងដែរ។ ដោយឡែកក្រោយមកទៀតភាគីទាំងពីរ ក៏បានធ្វើការទំនាក់ទំនងគ្នាជាផ្លូវរដ្ឋរវាងរដ្ឋាភិបាលទាំងពីរទៅវិញទៅមករហូតមកដល់ពេលនេះ តាមរយៈនៃការផ្លាស់ប្ដូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរ។

នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូន នាយកមហាវិទ្យាល័យការពារជាតិឥណ្ឌាថា នៅពេលថ្មីៗនេះកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ហើយនៅពេលខាងមុខនេះដែរ ភាគីទាំងពីរ ពិសេសកម្ពុជា និងបញ្ជូនកម្លាំងកងទ័ពជើងគោករបស់ខ្លួនទៅចូលរួមការធ្វើសមយុទ្ធសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនៅឯប្រទេសឥណ្ឌាផងដែរ៕