(កាលីហ្វរញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា អំពើឃោរឃៅនៃពិភពលោក នឹងកើនឡើង តាមរយៈការប្រែប្រួលនៃអាកាសធាតុ ហើយការកើនឡើងនេះអាចមានរយៈពេល ចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ ២០៥០ ដែលប្រៀបបីដូចជាការសងសឹក ដោយធម្មជាតិទៅលើមនុស្ស ដូចជាកំដៅកើនឡើងខ្លាំង ព្រមទាំងមានព្យុះភ្លៀងជាច្រើនមិនទៀងទាត់។ នេះបើយោងតាម គេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Science ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦។
ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យនៃរដ្ឋកាលីហ្វរញ៉ា បានធ្វើការពិនិត្យទិន្នន័យដែលបានមកពី ការសិក្សាលើមុខវិជ្ជាធំៗមួយចំនួន ក្នុងនោះរួមមាន សង្គ្រាមប្រវត្តិសាស្រ្ត និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាដើម ដែលវាបានទទួលរងការខូចខាត ព្រមទាំងអាចមានទំនាក់ទំនងជាមួយនឹង ការកើនឡើងនៃកម្តៅភពផែនដីផងដែរ។
ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា ការកើតឡើងនៃសង្គ្រាមស៊ីវិល ប្រហែលជាអាចនាំឲ្យមានការកើនឡើងកំដៅនៃភពផែនដី ដល់ទៅ ៥៦ភាគរយ នៅក្នុងរយៈពេល ៤សតវត្សរ៍ក្រោយ មិនតែប៉ុណ្ណោះវាក៏អាចនាំឲ្យមានភ្លៀងធ្លាក់មិនទៀតទាត់ ព្រមទាំងអាចមានព្យុះភ្លៀងច្រើន និងខ្លាំងក្លាថែមទៀតផង។
គួររំលឹកថា ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិនិត្យលើឯកសារវិទ្យាសាស្រ្តចំនួន ៦០សន្លឹកផងដែរ ដែលបានមកពីការសិក្សាអំពីមុខវិជ្ជាមួយចំនួន ដែលនៅក្នុងនោះរួមមាន អាកាសធាតុសាស្រ្ត បុរាណវត្ថុវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ចិត្តវិទ្យា ដែលកត្តាទាំងឡាយនេះសុទ្ធសឹង តែមានទំនាក់ទំនងជាមួយសកម្មភាពមនុស្ស ដែលបង្កឲ្យពិភពលោកប្រែប្រួលយ៉ាងឆាប់រហ័ស៕