(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ១៤៥០គ្រួសារ មក៧ឃុំ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។
នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវរក្សាសុខភាពឲ្យបាល្អ ត្រូវមានអនាម័យល្អជានិច្ច ហើយត្រូវពិសារទឹកដាំពុះ, កុំសេពគ្រឿងញៀន, ត្រូវបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយគោពរច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងសូមឲ្យអ្នកដែលមានផ្ទុកមេរោគអេដស៍ មិនត្រូវដើរចម្លងទៅអ្នកដទៃឡើយ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនកម្មករ កម្មការិនី កុំជឿតាមការញុះញុង នាំគ្នាតវ៉ារឿងដំឡើងប្រាក់ខែ ទុកលទ្ធភាពឲ្យមន្ត្រីរាជរដ្ឋាភិបាល ភាគីសហជីព និងថៅកែរោងចក្រធ្វើការងាររឿងប្រាក់នេះ ព្រោះបើបងប្អូនធ្វើការតវ៉ា នោះនាំឲ្យបាត់បង់ប្រយោជន៍ អាចធ្វើឲ្យវិនិយោគ បង្វែការវិនិយោគទៅប្រទេសផ្សេងៗ។
ជាមួយគ្នានេះ សម្តេចប្រធានកាកបាទក្រហម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមឡើង ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង និងប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕