(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មកទល់ពេលនេះ ជំងឺអ៊ុតស្វា Mpox ប្រភេទថ្មី clade1.B មិនទាន់មាននៅប្រទេសកម្ពុជាទេ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចុះពិនិត្យទីតាំងរក្សាវ៉ាក់សាំងនៅមជ្ឍមណ្ឌលគាំពារមាតា ទារក និងកុមារ និងនៅឃ្លាំងរក្សាទុកវ៉ាក់សាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានថ្លែងថា «ករណីអ៊ុតស្វា ឬដែលហៅថា Mpox ប្រភេទថ្មី clade1.B មិនទាន់ឆ្លងចូលប្រទេសកម្ពុជានៅឡើយទេ»

លោកសាស្ត្រាចារ្យបានបន្តថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក្រុមចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែនគោក ក៏កំពុងតែតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលចូលមកទឹកដីប្រទេសកម្ពុជា តាមរយៈការស្កេនមើលនៅលើដៃ និងរោគសញ្ញាលើអ្នកធ្វើដំណើរចូលមកកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ឈាង រ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្វែងយល់ពីការផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺអ៊ុតស្វានេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីមានការសង្ស័យសូមអញ្ជើញមកមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីត្រួតពិនិត្យឱ្យកាន់តែច្បាស់ថា មែន ឬមិនមែន ពិសេសដើម្បីទទួលបានការព្យបាលឱ្យបានត្រឹមត្រូវ សុវត្ថិភាព។

លោកបានបន្តទៀតថា នៅកម្ពុជាកន្លងទៅធ្លាប់តែមានតែជំងឺអ៊ុតស្វាប្រភេទចាស់ (clade2) ដែលមានសភាពស្រាលៗ មិនបង្កហានិភ័យដល់ជីវិតមនុស្សឡើយ ក្នុងនោះមានតែ២០ករណី និងបានព្យាបាលជាសះស្បើយអស់ហើយដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ដោយទទួលបានអនុសាសន៍​ណែនាំ​ពី​ លោកសាស្ត្រាចារ្យ​ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្រតិភូ​អន្តរ​ក្រសួង​ ដឹក​នាំ​ដោយ​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះ​ត្រួត​ពិនិត្យនៅតាមច្រកចេញចូលអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ​ដើម្បី​ពិនិត្យ​រួមគ្នា ក្នុងការទប់ស្កាត់ ការនាំចូលជំងឺអឹមផកចូល​មក​កម្ពុជា ក្នុងគោលបំណង​ដើម្បី​ពិនិត្យ​រួមគ្នា ទប់ស្កាត់ ការនាំចូលជំងឺអឹមផក (MPOX clade1.B) ចូល​មក​កម្ពុជា​ នៅ​តាមច្រក​ទាំង​អស់​ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើន រំលឹកដល់អ្នក​ដំណើរ​ទាំង​អស់​ផងដែរ។ លើសពីនោះគឺពង្រឹង​យន្ត​ការ​បន្ថែម​ទៀត​យ៉ាង​ម៉ត់ចត់ ​ក្នុង​ការ​តាមដាន​កំដៅ​ ដោយ​ប្រព័ន្ធ​កាមេរ៉ា​ និង​ការ​អង្គត​តាមដាន​រាល់​អ្នក​ដំណើរ​គ្រប់​ច្រក​ចេញ​ចូល​ទាំងអស់​៕