Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូល​ខេត្តសៀមរាប បន្តចុះពិនិត្យ​ទំនិញ​តាមផ្សារ​ចំនួនពីរ នៅទីរួមខេត្ត

28-09-2016 09:46

(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ សហការជាមួយ ក្រុមការងារនៃនាយកដ្ឋានមន្ទីរពិសោធន៏ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញជាម្ហូបអាហារ ទិញយកគំរូ នៅផ្សារចំនួនពីរគឺ នៅផ្សារសាមគ្គីហ៊ុយ គាំង ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប និងផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម។

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹង ថា ក្រុមការងារបានចុះត្រួតពិនិត្យ នៅផ្សារសាមគ្គីហ៊ុយ គាំង ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមានសាច់ក្រក ប្រហិតសាច់គោ សរសៃមីលឿង សណ្តែកបណ្តុះ ខ្ញីហាន់ស្រាប់ ត្រពាំងត្រាំ និងស្ពៃជ្រក់ ។

មន្រ្តីដដែលបានបន្តថា លទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ ។ ព្រមពេលជាមួយគ្នានោះដែរ ក្រុមការងារក៏បានចែក Posters និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ផងដែរ ។

ជាមួយគ្នានោះដែរ នៅថ្ងៃដដែល ក្រុមការងារបានសហការជាមួយក្រុមការងារមកពី នាយកដ្ឋានមន្ទីរពិសោធន៍ដឹកនាំដោយលោក ជា អ៊ាកឃីម បានចុះទៅផ្សារដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ដោយបានទិញយកគំរូម្ហូបអាហារមួយចំនួនដូចជា៖ សណ្តែកដីឆៅ សណ្តែកបណ្តុះ ស្លឹកគ្រៃហាន់រួច ស្កត្នោត សាច់ជ្រូក ថ្លើមជ្រូក សាច់គោ ថ្លើមគោ សាច់មាន់ បញ្ជូនមកមន្ទីរពិសោធន៍របស់​អគ្គនាយកដ្ឋាន ដើម្បីវិភាគរក សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំបសុពេទ្យជាបន្តទៀត។

ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។

ក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពី​ផលិតផល ខូចគុណភាព ដោយបានស្ម័គ្រចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕