(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ថវិកាជិត ៤០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សាជូនវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាអប់រំកុមារអូទីស្សឹម។
ថវិកាឧបត្ថម្ភធ្វើឡើងតាមរយៈអ្នកឧកញ៉ា ហ៊ុន តូ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុប ៣៦៥,៩៨៣.០៤ ដុល្លារអាមេរិក ដើម្បីជួយសាងសង់អគារសិក្សាចំនួន០១ខ្នង ទំហំសរុបចំនួន ១,៧២៨ ម៉ែត្រការ៉េ ទទឹងប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង ៦៤ម៉ែត្រ មានកម្ពស់ ៣ជាន់ស្មើនឹង ១៨បន្ទប់ ដែលអគារសិក្សានេះគ្រោងបញ្ចប់ការសាងសង់នៅបំណាច់ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវបានប្រែក្លាយមកពីអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (Hands of Hope Community) កាលពីឆ្នាំ២០២១ មានទីតាំងជាប់រង្វង់មូលខាងលិចស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្នសាលាមានបុគ្គលិក គ្រូបង្រៀនសរុបចំនួន ៧២នាក់ ស្រី ៤០នាក់ និងមានកុមារពិការសតិបញ្ញា និងអូទីស្សឹម ២៦០នាក់ ស្រី៦១នាក់ កំពុងទទួលការអប់រំពីសាលានេះ ហើយមានកុមារអូទីស្សឹមជាង ២០០ នាក់ទៀត កំពុងរង់ចាំសាលារៀន។
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ គឺជាថ្នាលផ្តល់ពន្លឺជីវិត និងក្តីសង្ឃឹមថ្មីសម្រាប់កុមារខ្សោយសតិបញ្ញា និងអូទីសហ្សឹម តាមរយៈការអប់រំពិសេស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីលោកគ្រូ អ្នកគ្រូ។ វិទ្យាល័យនេះ ក៏បានផ្តល់ស្នាមញញឹមដល់អាណាព្យាបាល ដែលធ្លាប់អស់សង្ឃឹមចំពោះស្ថានភាពរបស់កូនៗផងដែរ។
លោក ចាន់ សារិន ជាស្ថាបនិក និងជានាយកវិទ្យាល័យអប់រំពិសេស ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលកុមារអូទីស្សឹម និងពិការសតិបញ្ញា លោកគ្រូ អ្នកគ្រូ និងសហគមន៍ខេត្តកណ្តាល មានសេចក្តីរីករាយ និងរំភើបជាខ្លាំង ចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរខ្ពស់ដល់កុមារអូទីស្សឹមកម្ពុជា។
មាតាបិតា និងអ្នកអាណាព្យាបាលកុមារអូទីស្សឹម និងពិការភាពសតិបញ្ញា ព្រមទាំងលោកគ្រូ អ្នកគ្រូ គោរពជូនពរបវរមហាប្រសើរជូនសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគ្រួសារ សូមទទួលបានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន សុខសន្តិភាពបន្តទៀត។
ទន្ទឹមការរីករាយនឹងការទទួលបានអំណោយដ៏វិសេសវិសាលនេះ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បានប្តេជ្ញារួមគ្នារក្សាសុខសន្តិភាព ស្ថេរភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕