(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

តាមរយៈសារលិខិតផ្ញើទៅកាន់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា​ «ក្នុងបរិយាកាសដ៏សែនសោកសៅ ក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមានទុក្ខដ៏ធំធេង យើងខ្ញុំទាំងអស់គ្នាសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់»

សម្តេចបានបន្តថា មរណភាពរបស់ សម្តេចចៅហ្វាវាំង គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវឧត្តមស្វាមី បិតាបង្កើត បិតាក្មេក ជីតា ជីតាក្មេក ជីតាទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនរហូតមក។

សម្តេចបានបន្ថែមថា នាពេលកន្លងមក សម្តេចចៅហ្វាវាំង បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំក្រសួង ព្រះបរមរាជវាំងឱ្យសម្រេចបាននូវស្នាដៃដ៏ធំធេង សមិទ្ធផលនានា និងការរីកចម្រើនឥតឈប់ឈរ ជាពិសេស ក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ ជាងនេះទៅទៀត សម្តេចចៅហ្វាវាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយ ជ្រោមជ្រែងកាកបាទក្រហមកម្ពុជា ធ្វើឱ្យសមាគមជាតិសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ក្នុងបេសកកម្ម មនុស្សធម៌ ជួយសម្រាលទុក្ខលំបាកប្រជារាស្ត្រងាយរងគ្រោះ។

ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ សម្តេចសូមបួងសួងដល់គុណបុណ្យតេជះព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយប្រោសព្រំ ប្រសិទ្ធិពរ ថ្វាយដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបី ឃ្លៀងឃ្លាតឡើយ៕