(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្តែងនូវសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តជាខ្លាំង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំជាទី បំផុតចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាពនៅ ថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសូមសម្ដែងនូវសេចក្តីសោក សង្រេង អាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ សម្ដេច ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរព ស្រឡាញ់ ប្រកបដោយព្រហ្មវិហាធម៌ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិ មិនខ្លាចនឿយហត់នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលំឱនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធ ក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចូលរួមរំលែកទុក្ខដោយក្តីក្រៀមកំបំផុតពីខ្ញុំបាទ៕