(ភ្នំពេញ)៖ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន ដោយក្នុងនោះក៏មានការចូលរួមប្រជុំដោយក្រុមតំណាងរាស្រ្តជាន់ខ្ពស់របស់ គណបក្សប្រឆាំងផងដែរ។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់បានចូលសួរសុខទុក្ខដល់សកម្មជន និងសមាជិកគណបក្សសង្រ្គោះជាតិ នៅពន្ធនាគារព្រៃស លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កំពុងពិចារណានៅក្នុងការចូលធ្វើការ នៅក្នុងសភាពេញអង្គឡើងវិញ នៅពេលខាងមុខនេះ៕