(ភ្នំពេញ)៖ វគ្គសិក្សាថ្មី ស្តីអំពី«ការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» ជំនាន់ទី៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្តើមទទួលសិស្សចុះឈ្មោះចាប់ពីពេលនេះតទៅ។

វគ្គបណ្តុះបណ្តាលខ្លីនេះ នឹងចាប់ផ្តើមសិក្សានៅថ្ងៃសៅរ៍ ទី០៥ ខែតុលាខាងមុខនេះ ដោយនឹងបណ្តុះបណ្តាលរៀងរាល់ចុងសប្តាហ៍រយៈពេល៣ខែ ហើយបង្រៀនដោយ លោក អាន ស៊ីថាវ អ្នកជំនាញព័ត៌មានសេដ្ឋកិច្ច ដែលមានពិសោធន៍ការងារប្រមាណ១៥ឆ្នាំ លើវិស័យសារព័ត៌មានដូចជា កាសែត វិទ្យុ និងទូរទស្សន៍នានានៅកម្ពុជា។ ក្រៅពីនេះ លោក អាន ស៊ីថាវ ធ្លាប់ទទួលបានការបណ្ដុះផ្នែកព័ត៌មានសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានសេដ្ឋកិច្ចពីប្រទេសនានា ដូចជា អូស្រ្តាលី ជប៉ុន សិង្ហបុរី ហ្វីលីពីន និងថៃជាដើម។

«ការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» ផ្ដោតលើមូលដ្ឋានសំខាន់មួយចំនួនដូចជា ការសរសេរសេចក្តីប្រកាសព័ត៌មាន, ការយល់ដឹង និងសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ, ការសរសេរ និងផ្សព្វផ្សាយព័ត៌មានក្រុមហ៊ុនប្រកបដោយសក្តានុពល, គន្លឹះក្លាយជាអ្នកព័ត៌មានសេដ្ឋកិច្ចជំនួញប្រកបដោយវិជ្ជាជីវៈ និងនិន្នាការ និងតម្រូវការព័ត៌មានសេដ្ឋកិច្ច នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង៕

សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn