(សៀមរាប)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សមណនិស្សិត និស្សិតថ្នាក់បណ្ឌិតជំនាន់ទី១ រយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការចូលរួមពីលោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម, លោក ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកសាលាក្រោយឧត្តមនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, លោក ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ លោក សឹង សំរិទ្ធិ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងលោកបណ្ឌិត អ៉ឹង សុរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ និងសមណនិស្សិត និស្សិតថ្នាក់បណ្ឌិតចំនួន១០៤រូប។
ដំណើរទស្សនកិច្ចនេះ បានកំណត់យកនូវកម្មវិធីសំខាន់ៗចំនួន ៤ រួមមាន៖
ទី១៖ កម្មវិធីទស្សនកិច្ចសិក្សានៅមណ្ឌលព្រះកម្មដ្ឋានព្រះករុណា ព្រះមហាក្សត្រសីហមុនី ដើម្បីស្តាប់នូវឱវាទអប់រំលើឥរិយាបទ ដែលប្រព្រឹត្តទៅដោយកាយ វាចារ និងចិត្តរៀនធ្វើសមាធិបង្កើតក្តីស្ងប់សុខ និងតាំងចិត្តប្រកាន់ខ្ជាប់នូវនិច្ចសីលទាំង៥ក្នុងដំណើរនៃជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយក្តីមេត្តា សតិ និងបញ្ញា ក្នុងគោលបំណងរកឱ្យឃើញនូវសន្តិភាពក្នុងចិត្តនិងការរស់នៅប្រកបដោយភាពសុខដុមរមនា។
ទី២៖ ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន បង្ហាញដោយលោក សឹង សំរិទ្ធិ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ដើម្បីមើលឃើញ និងស្តាប់នូវសាច់រឿងប្រវត្តិសាស្ត្រស្តីពីស្នាដៃរបស់អតីតព្រះមហាវីរក្សត្រ និងបុព្វបុរសជាតិខ្មែរ ដែលបានប្រឹងប្រែងកសាងនូវសមិទ្ធផលដ៏ត្រចះត្រចង់ឆ្លុះបញ្ចាំងពីតថភាព វប្បធម៌ និងអារ្យធម៌ដ៏រុងរឿងនៃសម័យអង្គរ។
ទី៣៖ សិក្ខាសាលាស្តីពីអង្គរ ប្រវត្តិសាស្ត្រ អារ្យធម៌ និងបេតិកភណ្ឌ ដែលបានបង្ហាញដោយលោកបណ្ឌិត អ៉ឹង សុរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា នៅសាកលវិទ្យាល័យអង្គរ ដើម្បីបានសិក្សាស៊ីជម្រៅពីការកសាងប្រាសាទអង្គរវត្ត រចនាសម្ព័ន្ធដឹកនាំរដ្ឋ ការគ្រប់គ្រងសេដ្ឋកិច្ច នយោបាយ និងការការពារបូរណភាពដែនដីខ្មែរក្នុងសម័យអង្គរ។
លោក ងួន ស្តេចភក្តី បានសម្តែងក្តីអបអរសាទរចំពោះការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ ក្រុមការងារ និងសមណនិស្សិត និស្សិតថ្នាក់បណ្ឌិតទាំងអស់ និងបានថ្លែងសារលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែម និងបញ្ចប់ការសរសេរនិក្ខេបបទរបស់ខ្លួនដោយជោគជ័យ រួមទាំងបង្ហាញពីការតាំងចិត្តគាំទ្រ រៀបចំបង្កើតបន្ថែមនូវសិក្ខាសាលាស្តីពីវិធីសាស្ត្រស្រាវជ្រាវ និងអនុញ្ញាតឱ្យសមណនិស្សិត និស្សិតសិក្សាបន្ថែមលើមុខវិជ្ជា ផ្សេងៗទៀតដោយឥតគិតថ្លៃក្នុងជំនាន់ទី២។ ចំណែកសមណនិស្សិត និស្សិត បានសម្តែងនូវមោទនភាព ភាពរីករាយ និងពេញចិត្តក្នុងការចូលរួមដំណើរទស្សនកិច្ចដ៏មានអត្ថន័យខ្លឹមសារ រួមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរៀបចំដំណើរទស្សនកិច្ចនេះ ដើម្បីឱ្យសមណនិស្សិត និស្សិតមានឱកាសទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀត៕