(កំពង់ចាម)៖ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ តំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និងលោក កៅ សុខអាន រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ហាន កុសល អភិបាលរង តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បាននិមន្តនិងអញ្ជើញចុះជួបសំណេះសំណាល និងផ្ដល់ឱវាទដល់ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ គណៈកម្មការវត្តទូទាំងខេត្តកំពង់ចាម ប្រារព្ធនៅសាលាខេត្តកំពង់ចាម ដែលមានការចូលរួមពីព្រះមន្រ្តីសង្ឃ គណៈកម្មការ អាចារ្យ សរុប៧៤០អង្គ/នាក់។

ជាមួយគ្នានេះ សម្ដេចព្រះវនរ័តកិត្តិបណ្ឌិតបានសម្តែងនូវការកោតសរសើរចំពោះសាលាគណខេត្តព្រះកំពង់ចាម ព្រះមេគណ ព្រះមន្រ្តី ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ដែលបានរៀបចំកម្មវិធី សំណេះសំណាលនេះឡើងតាមការកំណត់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល។

សម្ដេចព្រះវនរ័ត សម្ដេចព្រះសង្ឃនាយករងទី២ បានមានថេរដីកាដាស់តឿនក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ និងជាទំពាំងដ៏ល្អស្នងប្ញស្សី។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថិរចីរកាល៖

១. ភិក្ខុ សាមណេរត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងក្រមសីលធម៌ ព្រមទាំងប្រតិបត្តិតាមត្រៃសិក្ខាគឺៈ សីល សមាធិ បញ្ហា និងមានស្មារតីសាមគ្គីរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ។

២. មុននឹងទទួលបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍គប្បីពិនិត្យប្រវត្តិរូប និងលិខិតបញ្ជាក់កិរិយាមារយាទ ឬបដិញ្ញាណ ដែលចេញដោយអាជ្ញាធរ ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ជាមុនសិន។ (កុលបុត្រ ៣២ ជំពូក ដែលព្រះពុទ្ធទ្រង់ហាមមិនឱ្យព្រះឧបជ្ឈាយ៍បំបួស និងអភ័ព្វបុគ្គល ១១ពួក)។ មិនត្រូវបំបួសកុលបុត្រ ដែលមិនបានទទួលអប់រំនៅក្នុងធម៌វិន័យ ឲ្យបានហ្មត់ចត់ឡើយ ឬជនមានទោសថ្នាក់ គរុ លហុ និងមជ្ឈឹមក្ដី។ ព្រះឧបជ្ឈាយ៍ ត្រូវបណ្ដុះបណ្ដាលកុលបុត្រ ដែលខ្លួនបានបំបួសហើយឱ្យចេះចាំធម៌វិន័យ ឱ្យបានច្បាស់លាស់ដើម្បីជាធនធាន និងជាឬសគល់របស់ព្រះពុទ្ធសាសនា។

៣. ពុទ្ធិកសិក្សា ជាគ្រឹះអក្សរសាស្ត្រ នៃព្រះពុទ្ធសាសនា ដូចនេះ ព្រះមន្ត្រីសង្ឃ គណៈគ្រប់គ្រងពុទ្ធិកត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ព្រះគ្រូអនុគណក្រុង ស្រុក ខណ្ឌត្រូវចុះត្រួតពិនិត្យផ្ទាល់នៅតាមសាលាពុទ្ធិក។ គណៈកម្មការ អាចារ្យ ពុទ្ធបរិសទ័ ត្រូវស្មោះត្រង់ជាមួយចៅអធិការ, ចៅអធិការ ត្រូវមានភាពស្មោះត្រង់ជាមួយអនុគណ, អនុគណត្រូវស្មោះត្រង់ជាមួយ មេគណ, មេគណត្រូវស្មោះត្រង់ជាមួយ, គណៈសង្ឃខាងលើ ដូច្នេះ ពុទ្ធិកសិក្សានឹងរឹងមាំ ដូចការស្មោះត្រង់នេះដែរ។ ពុទ្ធិកនេះជាប្រម៉ាត់ បេះដូង របស់ព្រះពុទ្ធសាសនា ។

៤. ភិក្ខុ សាមណេរត្រូវបំពេញករណីយកិច្ច ជាអ្នកបួសក្នុងពុទ្ធសាសនាកម្ពុជា មានការសិក្សាធម្មវិជ្ជា-លោកវិជ្ជា ការបំពេញកិច្ចវត្ត ការធ្វើកិច្ចការមនុស្សធម៌ ការអប់រំលើកកម្ពស់សីលធម៌ ចរិយាធម៌សង្គម។ ភិក្ខុ សាមណេរត្រូវគោរពតាមភិក្ខុប្បាតិមោក្ខ-សាមណេរ វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់វត្តនីមួយៗឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ភិក្ខុ សាមណេរប្រព្រឹត្តខុសធម៌វិន័យ គណៈសង្ឃវត្តត្រូវដោះស្រាយឱ្យដឹងថា ភិក្ខុ សាមណេររូបនោះ មានទោសករិតណា ហើយដាក់ទោសទៅតាមវិន័យប្បញ្ញត្តិ បើមិនទាន់ដាច់ស្រាច់ ត្រូវបញ្ជូនទៅថេរៈសភាសង្ឃ តាមលំដាប់ថ្នាក់ដោះស្រាយបន្ត។ ក្នុងករណី ភិក្ខុឮ សាមណេរប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងច្បាប់រដ្ឋ ត្រូវដោះស្រាយតាមពុទ្ធវិន័យឱ្យដាច់ស្រាច់ជាមុនសិន ទើបដោះស្រាយតាមច្បាប់រដ្ឋជាក្រោយ ។

សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត អំពាវនាវឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ចូលរួមនូវវិភាគទានស្ម័គ្រចិត្ត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព៕