(កំពង់ធំ)៖ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានថ្លែងថា សាលារៀនឯកជនបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនធនធានមនុស្សនឹងការអភិវឌ្ឍប្រទេស។
លោក ពេញ កែម ថ្លែងបែបនេះក្នុងនៅក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សសាលារៀនគ្រាប់ពូជល្អ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
លោកអភិបាលសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ រួមទាំងទទួលបាននូវវិញ្ញាបនបត្រសម្រាប់បញ្ជាក់ការបញ្ចប់ថ្នាក់សិក្សាទាំងអស់គ្នា ហើយសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់នឹងយកចំណេះវិជ្ជាទាំងនេះបន្តការសិក្សារបស់ខ្លួន ដើម្បីជាចំណេះដឹងក្នុងការប្រកបការងារថ្ងៃខាងមុខ និងបានសម្តែងការអរគុណដល់សាលារៀនគ្រាប់ពូជល្អ ដែលបានខិតខំបណ្តុះបណ្តាលសិស្សានុសិស្សរហូតបានទទួលផ្លែផ្កាគួរឱ្យកោតសរសើរ។
លោកបន្តថា វិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យទាំងនោះ គឺកត្តានៃការខិតខំឧស្សាហ៍ព្យាយាមរៀនសូត្ររបស់សិស្សដោយខ្លួនឯង បន្ទាប់មកគឺកត្តាជំរុញផ្តល់នូវការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ-អាណាព្យាបាល ក្រុមគ្រួសារ និង កត្តាសាលារៀន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ពិសេសនោះគឺមានការចូលរួម និងគាំទ្រពីបណ្ដាមាតាបិតា អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងការផ្ទេរចំណេះដឹងបង្ហាត់បង្រៀនបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ រួមទាំងការគ្រប់គ្រងរបស់សាលាផងដែរ។
លោកបញ្ជាក់ថា កត្តាខាងលើអាចប្រព្រឹត្តិទៅបានគឺអាស្រ័យលើកត្តាប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាពពេញលេញ រក្សាការពារបានសន្តិសុខសង្គម ស្ថiរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិនិងបន្តការខិតខំ ហ្វឹកហ្វឺនរៀនសូត្រ លើមុខវិជ្ជាផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាព មុខជំនាញវិជ្ជាជីវៈ សម្រាប់ឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្ដីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពទៅក្នុងគ្រប់មជ្ឈដ្ឋានជីវភាពរស់នៅ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គមជាតិយើង៕
តាមការបញ្ជាក់ពីលោក ខាត់ សុខអេង អគ្គនាយកសាលារៀនគ្រាប់ពូជល្អបានឲ្យដឹងថា សាលារៀនបានបើកដំណើរការនៅឆ្នាំ២០១៧ មានសិស្សតែ១២នាក់ប៉ុណ្ណោះ តែដល់ឆ្នាំសិក្សា២០២៣-២០២៤ មានសិស្សសរុបចំនួន៦៥៨នាក់ ស្រី២៤៨នាក់។ក្នុងនោះដែរសាលារៀនគ្រាប់ពូជល្អមានកម្មវិធីសិក្សាធំៗចំនួន៥ គឺ៖
១. កម្មវិធីសិក្សា ថ្នាក់ទារកដ្ឋាន (ដែលទទួលកុមារចូលរៀនចាប់ពីអាយុ មួយឆ្នាំកន្លះ)
២. កម្មវិធីសិក្សាអង់គ្លេសតាមបែបកម្មវិធីទំនើបគឺកម្មវិធី STEAM (ទទួលកុមារចូលរៀនចាប់ពីអាយុ ៣ឆ្នាំឡើងទៅ)
៣. កម្មវិធីសិក្សាភាសាខ្មែរ (KGE) ចាប់ពីថ្នាក់កម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា។
៤. កម្មវិធីសិក្សា ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង (English for Commincation)
៥. កម្មវិធីសិក្សា ភាសាអង់គ្លេសក្រៅម៉ោង ESL ចាប់កម្រិតដំបូងដល់ថ្នាក់ IELTSបន្ថែមពីកម្មវិធីសិក្សាធំៗ ខាងលើនេះ សាលាគ្រាប់ពូជល្អក៏បានបន្ថែមថ្នាក់សិក្សា ភាសាចិន បណ្ណាល័យ និង Computer ដើម្បីដើរទាន់សម័យកាលទៅលើជំនាញសតវត្សទី២១ដែលជាជំនាញជួយពង្រឹងនិងអភិវឌ្ឍសមត្ថភាព សិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះដែរ អាណាព្យាបាលសិស្សបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលារៀនគ្រាប់ពូជល្អ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្ហាញផ្ទេរចំណេះដឹងមកឲ្យកូនៗឥ្យក្លាយជាមនុស្សប្រកបដោយសីលធម៌ មានចំណេះ។