(កណ្ដាល​)៖ ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ លោក​ លឹម​ សុគន្ថា​ ប្រកាស​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ដីកា​សម្រេច​មិន​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដែល​សម្រេច​មិន​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម​៤នាក់​ តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កញ្ញា​ អ៊ី​ ម៉ាណូកា​ នៅថ្ងៃទី​២៧​ ខែ​កញ្ញា​ សម្រេច​មិន​ឃុំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​៤នាក់ ​ដែល​ជនជាតិ​វៀតណាម​។​ មូលហេតុ​នៃ​ការ​សម្រេច​នេះ​កញ្ញា​ អ៊ី​ ម៉ាណូកា​ សំអាង​ថា​ ជា​បទល្មើស​មជ្ឈិម​ ជនត្រូវចោទ​មាន​ទីលំនៅ​ និង​មុខរបរ​ពិតប្រាកដ​ ហើយ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ មិន​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឡើយ​។

ជនជាតិ​វៀតណាម​ទាំង​៤នាក់​ ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​ «ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ តាម​មាត្រា​២៩​ ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ និង​បទ​ ប្រើ​ឧបករណ៍​នេសាទ​ស្បៃ​មុង​គ្រប់​ប្រភេទ ​សម្រាប់​នេសាទ​ជាលក្ខណៈ​សិប្បកម្ម​ ឬ​ ឧស្សាហកម្ម​ តាម​មាត្រា​៩៩​ និង​ ចំណុច​៧​ ច្បាប់​ស្តីពី​ជលផល​ប្រព្រឹត្ត​នៅ​ភូមិ​ខ្លា​តាំង​យូ​ ឃុំ​ព្រែក​ជ្រៃ​ ស្រុក​កោះធំ​ កាលពី​ថ្ងៃទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​»

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​ នគរបាល​ស្រុក​កោះធំ​ បង្ក្រាបបានរួមមាន ស្បៃមុងក្រឡាញឹក​ (សៃយ៉ឺន) ព្រួល និងឡុក​ លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ កូនត្រីប្រមាណជាង១តោន និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ​។

កម្លាំងនគរបាលស្រុកកោះធំ ក៏ដូចជាកម្លាំងនគរបាលជំនាញខេត្តកណ្ដាល បានបង្ហាញការអស់ទឹកចិត្ត នៅពេលដែលខ្លួនខិតខំក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសនេសាទ ទាំងកណ្ដាលថ្ងៃ ទាំងនៅលើផ្ទៃទឹក ហើយប្រើពេលវេលាយ៉ាងយូរក្នុងការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងចំណាយថវិកាយ៉ាងច្រើន ក្នុងប្រតិបត្តិការ ចាប់បទល្មើសនេសាទនេះ ប៉ុន្ដែទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល អ៉ី ម៉ាណូកា សម្រេចមិនឃុំខ្លួនជនជាតិ វៀតណាមទាំង៤នាក់នោះទៅវិញ។

បើតាមដីការសម្រេចមិនឃុំខ្លួន ដែលចេញដោយ កញ្ញា អ៉ី ម៉ាណូកា ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិវៀតណាមទាំង៤នាក់នេះ សម្រេចដោះលែងវិញនៅថ្ងៃទី២៧ ខែកញ្ញានេះ ដោយសំអាងហេតុថា ជនជាតិវៀតណាមទាំង៤នាក់នេះ មានលំនៅ និងមុខរបរពិតប្រាកដ ហើយការសម្រេចមិនឃុំខ្លួន ជនត្រូវចោទ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។

​មន្ដ្រីតុលាការខេត្តកណ្ដាល បានបង្ហើបថា មូលហេតុដែលនាំឲ្យមានការដោះលែងវិញនេះ ក៏ព្រោះតែមានការអន្ដរាមន៍ពីមន្ដ្រីជាន់ខ្ពស់ដែលបម្រើការ នៅក្នុងសាលាខេត្តកណ្ដាល ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នឹងធ្វើការប្ដឹងទាស់ទៅនឹងចំណាត់ការរបស់ លោកចៅក្រម អ៉ី ម៉ាណូកា បញ្ហានេះផងដែរ។

យ៉ាងណាក៏ដោយអង្គភាព Fresh News នៅមិនទាន់អាច​សុំការបំភ្លឺពីលោកចៅក្រម អ៉ី ម៉ាណូកា នៅឡើយទេនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមជំរាបដំណើររឿង៖

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងនៅពេញមួយព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ បន្ទាប់ ពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ី ពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

លោកអធិការស្រុក បានបញ្ជាក់ថា ឧបករណ៍នេសាទដែលបង្ក្រាបបានរួមមាន៖ ស្បៃមុងក្រឡាញឹក​ (សៃយ៉ឺន), ព្រួល និងឡុក, លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីប្រមាណជាង១តោន(២ទូក) និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចុះសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើ និងដកហូត សម្ភារៈមួយចំនួនបានរៀបរាប់ខាងលើ ហើយត្រូវយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង»

មន្ដ្រីសមត្ថកិច្ចតូចតាចបានបង្ហើប ប្រាប់អង្គភាព Fresh News ថា «មូលហេតុដែលនាំឲ្យមានជនជាតិវៀតណាម អាចចូលមកនេសាទខុសច្បាប់ យ៉ាងអណាធិបតេយ្យបែបនេះ ក៏ព្រោះតែមានការបើកដៃពីមន្ដ្រីតាមបណ្ដោយព្រំដែន ទើបធ្វើឲ្យឈ្មួញចេញចូលដោយសេរីយ៉ាងដូច្នេះ ប៉ុន្ដែចាប់ពីពេលនេះទៅមិនទៀតនោះទេ»


(អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន)