(បាត់ដំបង)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀតផង។

ក្រៅពីការងារផលិតនិងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។

បន្ទាប់ពីបានទស្សនាផលិតកម្មបន្លែ និងហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍មានរួចមក លោករដ្ឋមន្ដ្រី អមដោយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានអបអរសាទរចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។

យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាមួយចំនួនដែលសហគមន៍ជួបប្រទះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់សមាជិកសហគមន៍ពិចារណាចងក្រង និងបំប្លែងសហគមន៍ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង។

តបតាមសំណើរបស់សហគមន៍កសិកម្មតាសីសាមគ្គី លោក ឌិត ទីណា បានអញ្ជើញដាំដើមស្រឡៅមួយដើម ទុកជាអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ក្រោមការអបអរសាទរ និងស្នាមញញឹមរបស់សមាជិកសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងជាច្រើនរូប៕