(ភ្នំពេញ)៖ អតីតសិស្សសាលាបឋមសិក្សាទួលគោក និងវិទ្យាល័យឥន្ទ្រទេវី បានប្រារព្ធទិវារំលឹកគុណគ្រូបង្រៀន ដើម្បីបង្ហាញនូវចិត្តកត្តញ្ញូតាធម៌ និងជាការរំលឹកគុណគូ្រ ដែលបានបង្រៀន នាពេលកន្លងមក។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
លោក ពៅ កាន តំណាងអតីតសិស្សទួលគោក និងឥន្ទ្រទេវី បានឲ្យដឹងថា លោកមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ មិត្តសម្លាញ់ជាច្រើនរូប រួមមាន៖ អតីតសិស្សសាលាទួលគោក និងឥន្ទ្រទេវី នៅក្នុងទិវា ឬជាព្រឹត្តិការណ៍រំលឹកគុណគ្រូបង្រៀន ដែលបានរៀបចំយ៉ាងឱឡារិក។
ក្នុងនាមមិត្តភក្តិរួមសាលា លោកសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងស្ថាបនិក នៃមិត្តជាទីស្រឡាញ់រាប់អានទាំងអស់ ក្នុងការធ្វើផែនការ និងរហូត អនុវត្តសកម្មភាព ដែលនាំឲ្យមានទិវារំលឹកគុណគ្រូបង្រៀន លេចចេញនូវរូបរាងឡើង ប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់។
លោក ពៅ កាន បានលើកឡើងថា ការតស៊ូលះបង់ របស់លោកគូ្រ-អ្នកគ្រូ លើការបង្ហាត់បង្រៀន ការផ្ទេរចំណេះដឹង មកកាន់ពួកគាត់ រហូតដល់វ័យនេះ ជាលទ្ធផល គឺអាស្រ័យទៅលើការប៉ិនប្រសព្វ នៃបុគ្គលជាអតីតសិស្សយកទៅអនុវត្ត និងប្រើប្រាស់ ចំពោះមុខមួយចំនួនធំ គឺទទួលបាននូវភាពជោគជ័យ និងបានក្លាយជាសរសរទ្រូង សម្រាប់បំរើប្រទេសជាតិសង្គម។
លោក ពៅ កាន បានបន្ដទៀតថា ផ្ដើមគំនិតបង្កើតទិវារំលឹកគុណគ្រូបង្រៀននេះ មិនមែនជាលើកដំបូងទេ សម្រាប់អតីតសិស្សសាលាទួលគោក និងឥន្ទ្រទេវី ដោយយើងបានធ្វើក្រុមតូចៗ ដោយហេតុថា អតីតសិស្សដែលរៀន គឺបានរៀនចប់ និងបានបែកគ្នាបំពេញការងារផ្សេងៗគ្នា ហើយមិនមានទំនាក់ទំនងគ្នាច្រើនដូចពេលនេះ។
សូមជម្រាបថា ទិវារំលឹកគុណគ្រូបង្រៀន ត្រូវបានចាត់ទុកជាទិវាដ៏មានសារសំខាន់មួយ ពីព្រោះគ្រូបង្រៀន គឺជាឪពុកម្តាយទី២ របស់សិស្ស ហើយសិស្សទាំងអស់ គប្បីប្រកាន់នូវកតញ្ញូតាធម៌
តាមរយៈការតបស្នងសងគុណ ដោយប្រការផ្សេងៗ៕