(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថានៅក្នុងដែនកម្ពុជរដ្ឋសម័យតេជោ សន្ដិភាពដើមស.វ.ទី២១នេះ បើពោលអំពីទស្សនវិស័យក្នុងការកសាង និងការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើត "មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន" ដោយផ្ដោតលើការកសាងផ្លូវខ្សែក្រវាត់ព្រំដែន ហើយដែលប្រជាជាតិខ្មែរទាំងព្រះសង្ឃ ទាំងគ្រហស្ថប្រុស-ស្រី ក្មេងចាស់ទាំងក្នុងនិងក្រៅប្រទេស មានក្ដីសោមនស្ស រីករាយសប្បាយនិងអំណរសាទរ ដោយបានចូលរួមក្នុងមូលនិធិដើម្បីកសាងផ្លូវខ្សែក្រវាត់ព្រំដែនយ៉ាងច្រើនកុះករភ្លូកទឹកភ្លូកដី ប្រកបដោយស្មារតីស្រទ្បាញ់ជាតិ មាតុភូមិរបស់ខ្លួនពិតៗទៅតាមទឹកចិត្ដសុទ្ធាជ្រះថ្លារៀងៗខ្លួន ដូចសាធារណមតិជាតិនិងអន្ដរជាតិឃើញនេះ គឺពិតជាផ្ដល់នូវគុណតម្លៃនិងបុណ្យកុសលទាំងផ្លូវលោក និងផ្លូវធម៌នោះគឺ៖
ទី១៖ ផ្លូវលោក ផ្ដល់គុណតម្លៃជាប្រវត្ដិសាស្រ្ដ ព្រោះតាំងពីបុរាណរៀងមក ផ្លូវបង្ហាញពីអរិយធម៌ដ៏ប្រសើរឧត្ដុង្គឧត្ដមរបស់ចក្រភពខ្មែរ ជាក់ស្ដែងមរតកបណ្តាញផ្លូវបុរាណនាសម័យចក្រភពអង្គរដ៏ខ្វាត់ខ្វែង ពិសេសផ្លូវដែលតភា្ជប់ពីចក្រភពអង្គរទៅក្រុងភិមាយប្រទេសថៃ(បច្ចុប្បន្ន )មានចម្ងាយ២៥០គីឡូម៉ែត្រ ហើយដែលត្រូវបានអ្នកស្រាវជ្រាវកម្ពុជានិងថៃ ធ្វើការសិក្សាស្រាវជ្រាវកន្លងមក គឺជាផ្លូវប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់សាធារណជនទូទៅឈ្វេងយល់ និងបន្តថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។
ស្ថិតក្នុងន័យនេះ ចំពោះការចូលរួមក្នុងមូលនិធិកសាងផ្លូវខ្សែក្រវាត់ព្រំដែន គឺពិតជាផ្ដល់តម្លៃដល់ខ្លួនឯង និងក្រុមគ្រួសាដែលជាឧត្ដមភាពដ៏ប្រសើរដល់វង្សត្រកូលខ្លួនតរៀងទៅ។ ដោយហេតុថា បើយើង ឬកូនចៅយើងធ្វើដំណើរលើផ្លូវនេះ នឹងធ្វើឲ្យយើង ឬកូនចៅយើង នឹកឃើញដល់ការចូលរួមក្នុងមូលនិធិហើយច្បាស់ជាលាន់មាត់ថា អូហ៍! ផ្លូវនេះយើង ឬឪពុកម្ដាយ ឬជីដូនជីតារបស់យើងបានចូលមូលនិធិកសាងទេតើ!។
មួយវិញទៀត ផ្លូវក៏ផ្ដល់គុណតម្លៃដល់ការធ្វើពាណិជ្ជកម្មដើម្បីបម្រើឲ្យដល់ការរីកចម្រើនជីវភាពរស់នៅរបស់ប្រជាជននិងសង្គមជាតិផងដែរ។ព្រោះផ្លូវគឺជានិមិត្តសញ្ញានៃសង្គមដែលមានមុខងារបម្រើឲ្យវិស័យដឹកជញ្ជូនតភ្ជាប់ពីផ្លូវគោក ទៅទន្លេ សមុទ្រ និងផ្លូវអាកាស ដោយភ្ជាប់និងផ្លាស់ប្តូរវប្បធម៌ ប្រពៃណីរវាងអរិយធម៌ទីក្រុងទៅតំបន់ដាច់ស្រយាលឲ្យក្លាយជាទីប្រជុំជនដ៏រស់រវើក។ បើពោលឲ្យចំ ចំពោះមូលនិធិក្នុងការកសាងផ្លូវខ្សែក្រវាត់ព្រំដែន គឺជាការទាញបង្ខិតព្រំដែនតំបន់ដាច់ស្រយាលឲ្យមកជាប់និងទីក្រុងធ្វើឲ្យមានភាពប្រទាក់ក្រទ្បាគ្នាយ៉ាងខ្វាត់ខ្វែងដ៏ស្រស់បំព្រង។
ទី២៖ ផ្លូវធម៌ ក្នុងការកសាងផ្លូវតាមពុទ្ធឱវាទព្រះពុទ្ធសាសនាបានលើកឡើងថា ការធ្វើផ្លូវគឺជាទានឲ្យផលដល់អ្នកសាងទាំងយប់ទាំងថ្ងៃដ៏ប្រសើរ បានសុខចម្រើនក្នុងលោកនេះផងនិងលោកខាងមុខផង នឹងបានទៅកើតក្នុងឋានទេវលោកសោយសម្បត្តិទិព្វក្នុងកាលជាយូរអង្វែង ។ ព្រោះមានសេចក្ដីដំណាលថា កាលពីសម័យព្រះពុទ្ធមានមាណពម្នាក់ឈ្មោះមាឃនៅស្រុកមួយជាមនុស្សមានឧបនិស្ស័យចូលចិត្តខាងការធ្វើផ្លូវឲ្យសាធារណជនធ្វើដំណើរទៅមកបានស្រួល។ ហើយមាណព ក៏បបួលជនដែលមានឧបនិស្ស័យត្រូវគ្នាបាន៣២នាក់រួមទាំងខ្លួនផងគឺ៣៣នាំគ្នាធ្វើផ្លូវថ្នល់តម្រង់ទៅកាន់រាជធានី។ លុះក្រោយពីអស់សង្ខារទៅ ដោយអំណាចនៃបុណ្យកុសលក្នុងការសាងផ្លូវថ្នល់ បណ្តាជនទាំងនោះ គឺមាណពបានទៅកើតជាព្រះឥន្ទ្រស្តេចទេវតានៅឋានត្រៃត្រិង្សសួគ៌ ហៅថា" ឋាន៣៣"ចាប់ពីពេលនោះមក។
លោក រ័ត្ន សណ្ដាប់ បន្ដថាហេតុនេះបើពោលចំពោះអានិសង្សនៃការកសាងផ្លូវថ្នល់សម្រួលដល់ការធ្វើដំណើរសុខស្រួលដល់សាធារណជន នឹងបានសេចក្តីសុខដល់ខ្លួនយើងវិញផងដែរ ត្រូវតាមគន្លងព្រះពុទ្ធសុភាសិតថា ជនដ៏មានប្រាជ្ញាណាបានឲ្យសេចក្តីសុខដល់អ្នកដទៃ ជននោះរមែងបានជួបប្រទះនឹងសេចក្តីសុខជារៀងរហូត។ ទន្ទឹមនឹងនេះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ត្រូវកំណត់និងឈរលើបង្គោលខណ្ឌសីមារបស់ជាតិមានបី គឺ៖ទី១) បង្គោលខណ្ឌសីមា ទី២) កងទ័ព និងទី៣) ប្រជាជន ។ ដូច្នេះចំពោះទស្សនវិស័យរបស់សម្ដេចធិបតី ដែលបានបង្កើតមូលនិធិក្នុងការកសាងផ្លូវខ្សែក្រវាត់ព្រំដែននិងចែកដីសង្គមកិច្ចជូនដល់ប្រជាជនដើម្បីយកប្រជាជនធ្វើជាបង្គោលរបងការពារព្រំដែននេះ គឺមានភាពរឹងមាំជាងអ្វីៗទាំងអស់៕