(ភ្នំពេញ)៖ ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ដើម្បីអោយកម្ពុជាអាចសម្រេចបាននូវមហិចតារបស់ខ្លួន ក្នុងការកែប្រែលប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៨៥៧រូប ដែលជាអតីតបេក្ខជន និងភ្នាក់ងារ របស់គណបក្សភ្លើងទៀន មកពី១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឱ្យមានភាពរីកចំរើនរុងរឿង និងធ្វើអោយ កម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយបក្សមួយនេះមានអាយុ៧៣ឆ្នាំហើយ ហើយកាលពី៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសំរាប់ជាតិ មាតុភូមិយ៉ាងច្រើនបន្ថែមទៀត។
លោក ឃួង ស្រេង បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសគាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនេះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំង៨៥៧រូប បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។យើងខ្ញុំទាំអស់គ្នា ប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន, គាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល និងគាំទ្រជាមួយនឹងការចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន» ថែមទៀត៕