(ភ្នំពេញ)៖ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានចេញមកបញ្ជាក់ថា ប្រទេកម្ពុជា មិនឱ្យមានការបាត់បង់ទឹកដីសូម្បី ១មីលីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណា សូម្បី ១មីលីម៉ែត្រ ដូចគ្នា។
ការចេញពន្យល់បកស្រាយភ្លាមៗរបស់រដ្ឋមន្រ្តីកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិតទាំងស្រុង ពាក់ព័ន្ធព័ត៌មានផែនទីនៃប្រទេសកម្ពុជា លើ Google Maps។
ការចេញមកបញ្ជាក់បែបនេះរបស់រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើឡើងនៅ តាមរយៈកិច្ចសម្ភាសពិសេសមួយ ដែលត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ឡាំ ជា បានលើកឡើងថា សូមប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ហើយជាពិសេសរដ្ឋលេខាធិការព្រំដែន ដែលបន្តវេនពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបន្តបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ជាតិនេះ។
លោក ឡាំ ជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គឺយើងបានប្រឹងប្រែងមិនដែលធ្វើការធ្វេសប្រហែស១វិនាទីណាទេ យើងបានខិតខំការពារ សូមជម្រាបជូនថាជាពលរដ្ឋខ្មែរគ្រប់រូប យើងមិនអាចធ្វើឱ្យបាត់បង់ទឹកដី ១មីលីម៉ែត្រ ហើយក៏យើងមិនចង់បានទឹកដីរបស់ប្រទេសណាមួយ ១លីមីម៉ែត្រដែរ»។
ចំពោះករណីនេះ ត្រូវបានលោក ឡាំ ជា បានបន្ថែមថា បុគ្គលសម រង្ស៉ី តែងតែលើកឡើងបំផុសចលនាបង្កអស្ថិរភាព ហើយគ្មានការពិតសូម្បីបន្តិចដែលថា បង្គោលព្រំដែនចេះដើរ ហើយនរណាក៏មានគំនិតស្នេហាជាតិ ស្រឡាញ់ទឹកដីដូចគ្នា តែកុំជឿបុគ្គលមួយចំនួន ដែលមានគំនិតទុច្ចរិត តែងតែបង្កចលាចលឱ្យមានភាពវឹកវរ។
រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា សម្រាប់ការងារបោះបង្គោលព្រំដែន គឺផ្អែកលើគោលការណ៍ធំចំនួន៣៖
ទី១៖ ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលជាផែនទីគោលយកជាមូលដ្ឋាន គឺជាផែនទីដែលត្រូវកំណត់ថាមរតកខ្សែព្រំដែនមិនកែប្រែ។
ទី២៖ ផ្អែកទៅលើគោលការណ៍ច្បាប់អនុ្តរជាតិ និងឧត្តមមានុវត្តន៍អន្តរជាតិ
ទី៣៖ ផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ៕