(ភ្នំពេញ) សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និងលោកស្រី នួន ប៊ុនណា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បាននិមន្ត និងអញ្ជើញចុះសំណេះសំណាល និងផ្ដល់ឱវាទដល់ព្រះមន្រ្តីសង្ឃក្នុងសាលាគណខេត្តកំពង់ធំ ស្ថិតនៅក្នុងវត្តឥន្រ្ទីយ៍សំវរៈ ភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានការចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃ គណៈកម្មការ អាចារ្យ និងមន្ត្រីរាជការសរុបចំនួន៤៧០អង្គ/នាក់។

ជាមួយគ្នានេះ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះសាលាគណខេត្តកំពង់ធំ ព្រះមេគណ ព្រះមន្រ្តី ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានរៀបចំកម្មវិធី ស្ដីពី ការរៀបចំពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រីកតួនាទី ភារកិច្ចរបស់មន្រ្តីសង្ឃខេត្តកំពង់ធំនេះឡើងប្រព្រឹត្តទៅមានភាពអធិកអធម៌ និងទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនឹងនេះ ដើម្បីជាការរួមចំណែកជាគំនិតក្នុងពិធីសំណេះសំណាលនាពេលនេះ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សូមចូលរួមនូវឱវាទមួយចំនួន ដូចខាងក្រោម ៖

១-សូមគណៈសង្ឃខេត្តគ្រប់ឋានានុក្រម ពង្រឹងរចនាសម្ព័ន្ធដឹកនាំ (អភិបាលកិច្ចល្អ) ពង្រឹងការគោរពប្រណិប័តន៍ធម៌វិន័យ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់គ្រប់ជ្រុងជ្រោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

២-កុលបុត្រដែលមានសទ្ធាជ្រះថ្លាចូលមកបព្វជ្ជា បួសជាសាមណេរ ក្នុងព្រះពុទ្ធសាសនា ព្រះចៅអធិការ ត្រូវឱ្យកុលបុត្រនោះមកស្នាក់នៅក្នុងវត្ត ដើម្បីបង្រៀនធម៌ និងវិន័យខ្លះៗ ឱ្យបានចេះចាំនូវសិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គ១០ និងអង្គនៃសិក្ខាទាំង១០ ព្រមទាំងធម៌នមស្ការព្រះរតនត្រ័យ បច្ចវេក្ខណវិធី និង អនុមោទនាវិធីជាដើម។

៣-ព្រះឧបជ្ឈាយ៍ អ្នកបំបួសត្រូវមើលលក្ខណៈសម្បត្តិចំពោះកុលបុត្រ ដែលមានលក្ខណៈសមរម្យសមគួរដល់ការបំបួសជាសាមណេរ វៀរលែងតែអភព្វបុគ្គល ១១ពួក និងបុគ្គល ៣២ពួក ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានបញ្ញត្តិក្នុងព្រះវិន័យរួចមកហើយ។

៤-ព្រះសង្ឃត្រូវតម្កល់ខ្លួនជាបុញ្ញក្ខេត្ត ជាស្រែបុណ្យដ៏ប្រសើររបស់ ពុទ្ធបរិស័ទរកស្រែបុណ្យដទៃស្មើពុំមានឡើយ។ បច្ចុប្បន្ននេះ ព្រះសង្ឃដែលប្រើ ប្រាស់បណ្ដាញទំនាក់ទំនងសង្គមមានហ្វេសប៊ុក (Facebook) តិកតុក (TikTok) ជាដើម គួរគប្បីបង្ហោះផ្សព្វផ្សាយពីព្រះធម៌អប់រំដល់ពុទ្ធបរិស័ទ ឱ្យបានយល់ដឹងអំពីបុណ្យ បាប ចៀសវាងការបង្ហោះរូបភាពមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់ តម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនា។

៥-តាមបណ្ដាវត្ត ព្រះចៅអធិការ គប្បីដឹកនាំព្រះសង្ឃ ធ្វើកិច្ចវត្តជារៀងរាល់ថ្ងៃ ពិសេសរៀងរាល់ថ្ងៃ១៤ ឬ១៥រោច ១៤ ឬ១៥កើត ត្រូវដឹកនាំភិក្ខុសង្ឃធ្វើឧបោសថកម្ម ដើម្បីឱ្យមានសាមគ្គីភាពរវាងសង្ឃនិងសង្ឃ ព្រមទាំងដើម្បីញ៉ាំងសទ្ធាពុទ្ធបរិស័ទឱ្យរឹងរឹតតែជ្រះថ្លាឡើង។

៦-ចំពោះអធិករណ៍ដែលកើតមានឡើងក្នុងមូលដ្ឋាន ព្រះចៅអធិការ ព្រះគ្រូអនុគណ ព្រះមេគណ សហការជាមួយស្ថាប័នមានសមត្ថកិច្ចរួមគ្នាដោះស្រាយ និងរម្ងាប់អធិករណ៍ទាំងឡាយនោះ ទោះតូចក្ដីធំក្ដីឱ្យបញ្ចប់នៅមូលដ្ឋាន ឬនៅត្រឹមខេត្ត ធ្វើយ៉ាងណាកុំឱ្យជាជំងឺរ៉ាំរ៉ៃក្លាយជាជំងឺមហារីក។

៧-ដោយឡែកពុទ្ធិកសិក្សា ជាថ្នាលបណ្ដុះបណ្ដាលដល់សមណសិស្ស ឱ្យទទួលបានចំណេះដឹង ក្លាយជាបញ្ញវន្តសង្ឃ ដូចនេះព្រះចៅអធិការ ឬព្រះនាយក ត្រូវយកចិត្តទុកដាក់ឱ្យគ្រូបង្រៀនស្របតាមកម្មវិធីសិក្សារបស់ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា៕