(ភ្នំពេញ)៖ នា​រសៀល​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​ លោក​ ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ (បសប.ហភ) តំណាង​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ «ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​» ដោយ​មាន​សិក្ខាកាម​ជា​ស្នងការ​រង​ នាយការិយាល័យ​ និង​នាយ​រង​ការិយាល័យ​ មក​ពី​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ចំនួន​៤៥​រូប​។​

​លោក​ឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ បាន​ថ្លែង​ថា​ ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​ មិនមែន​ជា​ការងារ​ដែល​ធ្វើ​មួយ​ថ្ងៃ​ចប់​នោះ​ទេ​ ដូច្នេះ​មន្ត្រី​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្ដាល​នេះ​ ត្រូវ​យកចំណេះ​ដឹង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​ទៅ​ស្រាវជ្រាវ​ និង​ស្វែង​យល់​បន្ថែម​ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឲ្យទៅ​ជា​គ្រូឧទ្ទេស​ដែល​ប្រកបដោយចំណេះដឹង ជំនាញ និង​សមត្ថភាព​​សម្រាប់​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី​ស៊ើបអង្កេត​ចំណុះ​អង្គភាព​របស់​ខ្លួន​ ចាប់ពី​ស្នងការដ្ឋាន​រហូត​ដល់​អធិការដ្ឋាន​ និង​ក្លាយជា​មន្ត្រី​ទំនាក់ទំនង​ការងារ​បច្ចេកទេស​ដ៏​សំខាន់​ជាមួយ​ក្រុមការងារ​ ប​សប​.​ហ​ភ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្នុង​កិច្ច​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​។​

​លោក​បាន​បន្ត​ថា​ នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​ខុស​ពី​វគ្គ​ផ្សេងៗ​ ដែល​ក្រុមការងារ​ ប​សប​.​ហ​ភ​ បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​ បង្កើត​មន្ត្រី​បង្គោល​ តាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ដោយ​សង្ឃឹម​ខ្ពស់​ថា​ លោក​ លោកស្រី​ ស្នងការ​រង​ នាយការិយាល័យ​ នាយ​រង​ការិយាល័យ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ជា​មន្ត្រី​បង្គោល​ ក៏​ជា​សិក្ខាកាម​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ នឹង​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ ទៅ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ និង​បណ្ដុះបណ្ដាល​បន្ត​ដល់​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ របស់​ខ្លួន​៕