(ភ្នំពេញ)៖ លោក លី ឆេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌ៧មករា ជំនួសលោក នួន ផារ័ត្ន។

ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំសមាជិក សមាជិកា និងឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់លាស់ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយឆ្លើយតទៅលើការញ៉ុះញ៉ងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ុងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបន្តថា ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាទប់ស្កាត់ឲ្យបានក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ពោលត្រូវបន្តរួមគ្នាយកជ័យជម្នះក្នុងការបោះឆ្នោតឲ្យបាន នៅឆ្នាំ២០២៧ និង២០២៨ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕