(តូក្យូ, ជប៉ុន)៖ លោក Hideo Kimura ប្រធានសមាគមគ្រប់គ្រងយុទ្ធសាស្រ្តអន្តរជាតិរបស់ជប៉ុន បានថ្លែងថាប្រទេសជប៉ុន ត្រូវបានបំផ្លាញស្ទើរខ្ទេចខ្ទីនៅក្រោយសង្រ្គាមលោកលើកទី២ (១ កញ្ញា ១៩៣៩-២ កញ្ញា ១៩៤៥) ដែលអាចនិយាយបានថា អ្វីៗគ្រប់យ៉ាងត្រូវបានធ្លាក់ដល់កម្រិតសូន្យ តែក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តស្តាប្រទេសជាតិឡើងវិញ ក្រោមកម្លាំងរួមគ្នាដោយមិនខ្លាចការនឿយហ់តរបស់ប្រជាជនជប៉ុនទូទាំងប្រទេស បានធ្វើឲ្យប្រទេសនេះប្រែក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចរហូតដល់ ២០០ប៊ីលលានដុល្លារអាមេរិក (២០០ពាន់លាន) ក្នុងមួយឆ្នាំត្រឹមរយៈពេលត្រឹម ២០ឆ្នាំប៉ុណ្ណោះ។
ក្នុងបទបង្ហាញស្តីពីស្ថានភាពទូទៅរបស់ប្រទេសជប៉ុន ជូនដល់យុវជនមកពីប្រទេសកម្ពុជា មីយ៉ាន់ និងទីម័រនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ លោក Hideo Kimura បានលើកឡើងថា ក្រោយសង្រ្គាមលោកលើកទី២ ជាពេលជប៉ុនបានចាញ់សង្រ្គាមយ៉ាងដំណំ ជាពិសេសរងនូវការទម្លាក់គ្រាប់បែកប៉ារម៉ាណូកម្ទេចប្រទេសពីសំណាក់អាមេរិកផងដែរ ជប៉ុនមិនសេសសល់អ្វីនោះឡើយ តែត្រឹមរយៈពេល ៥ឆ្នាំក្រោយការបញ្ចប់សង្រ្គាម គឺនៅឆ្នាំ១៩៥០ ប្រទេសនេះមានចំណូលថវិកាជាតិប្រមាណ ១០ពាន់លានដុល្លារ ហើយកើនទៅដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ១៩៧០។ និយាយជារួមក្នុងរយៈពេលត្រឹមតែ ២០ឆ្នាំ ប្រទេសនេះមានចំណូលកើនឡើងចំនួន ២០ដង។
តែទោះជាយ៉ាងណាប្រទេសជប៉ុន ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩៨០ និងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩៩០ ក៏បានធ្វើឲ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះផងដែរ។ បើតាមលោក Hideo Kimura បច្ចុប្បន្នប្រទេសជប៉ុន មានចំណូលជាតិសរុប ៤,១២៣ ពាន់លានដុល្លារអាមេរិក។
លោក Hideo Kimura បានបញ្ជាក់ថា កត្តា ដែលនាំឲ្យប្រទេសនេះ មានសន្ទុះសេដ្ឋកិច្ចកើនឡើងឆាប់រហ័ស ដោយសារការពឹងផ្អែកជាចម្បងទៅលើវិស័យឧស្សាហកម្ម។ ជាពិសេសប្រទេសមួយនេះ បានដាក់ចេញយុទ្ធសាស្រ្តផលិតសម្រាប់នាំចេញឲ្យបានច្រើនបំផុត បើទោះបីក្នុងប្រទេសមិនមានប្រភពធនធានធម្មជាតិ និងមិនមានសារធាតុដើមបំពេញតម្រូវការផលិតក៏ដោយនោះ។
លោក Hideo Kimura បានបញ្ជាក់ថា សារធាតុដើមសម្រាប់បំពេញតម្រូវការផលិតនៅក្នុងប្រទេសជប៉ុន ដូចជាធ្យូងថ្ម និងរ៉ែដែកជាដើម គឺត្រូវបាននាំចូលមកពីប្រទេសដទៃ៕