(សៀមរាប)៖ ដើម្បីសុំសេចក្ដីសុខក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា និងក្រុមហ៊ុន ជីប ម៉ុង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានប្រារព្ធពិធីក្រុងពាលី នៅក្បែរប្រាសាទបាយ័ន្ត នៃក្រុងអង្គរធំ ខេត្តសៀមរាប។
ពិធីក្រុងពាលីតាមទំនៀមប្រពៃណីខ្មែរនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ង៉ូវ សេងកាក់ អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច សិល្បករ បុគ្គលិក សហការីជាច្រើនរូប។
បន្ទាប់ពីពិធីក្រុងពាលីនេះ នឹងមានការប្រគុំតន្ត្រីខ្នាតតូច រួមជាមួយការតាំងបង្ហាញសាកល្បងនូវពិព័រណ៍រថយន្តទំនើបៗ ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង១០យប់ នៅបរិវេណសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប។
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះសៀមរាបចាស់ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤៖
* នៅថ្ងៃទី១៥ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ
បាវិត ខេត្តស្វាយរៀង និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជនស្វាគមន៍គណៈប្រតិភូ Gumball 3000 ហើយក៏មានការតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខវត្តបទុមវតី។ ប្រតិភូ Gumball 3000 នឹងសម្រាក១យប់នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ផុតលេខនៅកម្ពុជា។
* នៅថ្ងៃទី១៦ ប្រតិភូ Gumball 3000 ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយមានរថយន្តប្រតិភូ Gumball 3000 ប្រមាណ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ២៥០គ្រឿង។ ទៅដល់ខេត្តសៀមរាបនាពេលរសៀល ប្រតិភូ Gumball 3000 នឹងជិះរថយន្តគយគន់ទេសភាពវង់តូចនិងវង់ធំ ចូលទៅទស្សនាប្រាសាទអង្គរវត្ត ទស្សនាទេសភាពថ្ងៃលិចនៅប្រាសាទប្រែរូប។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញរថយន្ត Sport Cars, Super Cars & Luxury Cars នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងតាមបណ្ដោយផ្លូវស្របនឹងព្រះអង្គចេកព្រះអង្គចម សរុបប្រមាណ១៥០គ្រឿង។ បន្ទាប់មក ប្រតិភូ Gumball 3000 អញ្ជើញធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារ Raffles Grand Hotel d'Angkor។ នារាត្រីថ្ងៃទី១៦នោះដែរ ក៏នឹងមានវេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជនក្នុងស្រុក ព្រមទាំងចូលរួមរាត្រីស្រមោលស ទស្សនាការសម្ដែងនូវរបាំប្រពៃណីខ្មែរ និងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត នៅមុខប្រាសាទបាយ័ន្ត។
* នៅថ្ងៃទី១៧ ប្រតិភូ Gumball 3000 អញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី បញ្ចប់នៅប្រទេសសិង្ហបុរី៕