(ឥណ្ឌូណេស៊ី)៖ តបតាមការអញ្ជើញរបស់លោក Alberto van Klaveren រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីលី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារជាប្រវត្តិសាស្ត្រនៅសាធារណរដ្ឋស៊ីលី ពីថ្ងៃទី៣ ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ទស្សនកិច្ចការងារនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងទំនាក់ទំនងរវាងអាស៊ាន និងស៊ីលី ដោយសារវាជាលើកទីមួយហើយដែលអគ្គលេខាធិការអាស៊ាន ធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
នៅក្នុងអំឡុងពេលទស្សនកិច្ចការងារនេះ អគ្គលេខាធិការអាស៊ាន នឹងជួបជាមួយបណ្តាមន្ត្រីរដ្ឋាភិបាល និងតួអង្គសំខាន់ៗមួយចំនួន រួមមាន រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសេដ្ឋកិច្ច អនុរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងប្រធានគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ជាដើម។
លោកបណ្ឌិត កៅ គឹមហួន ក៏នឹងឆ្លៀតឱកាសដ៏កម្រនេះ ដើម្បីចូលរួមក្នុងពិធីអបអរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងថ្ងៃទិវាអាស៊ាន កិច្ចប្រជុំតុមូលជាមួយសហព័ន្ធឧស្សាហកម្មស៊ីលី (SOFOFA) ក៏ដូចជា ធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី និងផ្តល់សន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលានៅ ECLAC ផងដែរ។
អគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុង Santiago ដែលគាត់នឹងជម្រាបជូនគណៈកម្មាធិការអំពីការវិវត្តន៍ចុងក្រោយនៅក្នុងការងាររបស់អាស៊ាន ព្រមទាំងពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតនៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ក៏ដូចជា ផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់គណៈកម្មាធិការនេះ ក្នុងការជំរុញ ពង្រឹង និងធ្វើឱ្យទំនាក់ទំនងអាស៊ាន-ស៊ីលី កាន់តែស៊ីជម្រៅ។
ទស្សនកិច្ចការងារលើកដំបូងរបស់អគ្គលេខាធិការអាស៊ានទៅប្រទេសស៊ីលីលើកនេះ គឺជាឱកាសដ៏ប្រសើរដើម្បីជួយជំរុញភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី រួមមាន ពង្រឹង និងពង្រីកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងស៊ីលី ជាពិសេស ស្របពេលដែលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី ៥ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី៕