(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបជាខេត្តទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជា គោលដៅនៃភ្ញៀវទេសចរ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត។
លោកបន្តថា ក្រៅពីនេះ ខេត្តសៀមរាប បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និង បងប្អូនមន្ត្រីរាជការ កម្មករ មានភាពប្រសើរឡើង ។ ម៉្យាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្មី នូវសោភណ្ឌភាពស្រស់ត្រកាល ព្រមទាំងបានធ្វើការពង្រីកផ្លូវ និង សាងសង់ស្ពានថ្មចំនួន៣ ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រ ក្នុងការសម្រួលនូវចរាចរណ៍ក្នុងខេត្ត ក៏ដូចជាការលើកនូវសោភណ្ឌភាពក្រុងបុរាណដ៏ចំណាស់នេះផងដែរ ។
លោក ឃឹម ប៊ុនសុង បានលើកឡើងបែបនេះ ខណៈលោក និងក្រុមការងារ បានជួបសំណេះ សំណាល ជាមួយ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
បន្ថែមពីលើនេះ លោក ឃឹម ប៊ុនសុង ក៏បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ។
លោកបន្តថា ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និង មានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ នឹង ជួយធ្វើការផ្សព្វផ្សាយដល់បងប្អូនក្រុមគ្រួសារ ញាតិមិត្តក្នុងភូមិ ដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតរៀបចំថី្ម នៅតាមសាលាឃុំសង្កាត់ ក្នុងការបំពេញកាតព្វកិច្ច ជា ពលរដ្ឋកម្ពុជា ក្នុងបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និង ជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ ២០១៨ផងដែរ ។
អភិបាលខេត្តសៀមរាបរូបនេះ ក៏បានឧបត្ថម្ភថវិកា ជូនមន្ត្រីរាជការសាលាខេត្ត ចំនួន ២៤៣នាក់ ម្នាក់ៗ ២០ម៉ឺនរៀល រួមទាំងបានចែកនូវប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពង្រឹងយន្តការរដ្ឋបាល ដល់ មន្ត្រីនាឱកាសនោះផងដែរ ។
ជាការឆ្លើយតប មន្ត្រីរាជការទាំងអស់ ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និង លោក អភិបាលខេត្ត ដែលតែងយកចិត្តទុកដាក់ចំពោះ បងប្អូនមន្ត្រីរាជការ ក្នុងរដូវកាលមាន បុណ្យទាន ប្រពៃណីជាតិខ្មែរជាដើម ៕