(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងនាំយកស្បៀងអាហារ និងថវិកាមួយចំនួនជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងគ្រួសារប្រជាការពារ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ បានផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដោយផ្តោតសំខាន់ៗ ត្រូវយកចិត្តទុកដាក់ ការពារទប់ស្កាត់ឲ្យខាងតែបាននូវការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ បង្រ្កាបឲ្យបានក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋានព្រមទាំងទប់ស្កាត់ មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន និងបានពង្រឹងតួនាទីភារកិច្ចរបស់ប្រជាការពារ ក្នុងការចូលរួមចំណែកជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីការពារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាជនឲ្យបានល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនព្រីន្ទធ័រមួយគ្រឿង និងសម្ភារការិយាល័យមួយចំនួនដល់រដ្ឋនបាលឃុំដងកាំបិត និងបាននាំយកគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជន ប្រជាការពារនិងក្រុមគ្រួសារ ដែលមានជីភាពលំបាកខ្វះខាតចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊វចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ដោយឡែកប្រជាការពារចំនួន២២នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះ ទទួលបានថវិកាមួយចំនួនផងដែរ។
លោក លន់ យេន ប្រធានក្រុមប្រឹក្សាឃុំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជន ប្រជាជននៅតាមមូលដ្ឋាននានា និងសូមគោរពថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារដែលបានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងសម្ភារការិយាល័យសម្រាប់បម្រើការងាររដ្ឋបាលក្នុងឃុំ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវសេចក្តីសុខគ្រប់ពេលវេលា៕