(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ស្តីពីកិច្ចប្រតិបត្តិការបន្តតាមចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវបានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមមួយចំនួន យកទៅបង្ហោះបង្កឱ្យមានការយល់ច្រឡំ។

សេចក្តីបំភ្លឺរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូឃ្លីប (វីដេអូកាម៉េរាសុវត្ថិភាព) តាមហ្វេសប៊ុក និង Tiktok ស្តីពី «យុវជនម្នាក់អង្គុយលើម៉ូតូចាំយកឥវ៉ាន់សុខៗ ស្រាប់តែមានកម្លាំងមួយក្រុមឆ្មក់ចុះចាប់ឆៅៗ នៅម្តុំឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។ វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយតៗគ្នា ដោយមានការបញ្ចេញមតិយោបល់មួយចំនួន ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចជំនាញដែលកំពុងបន្តការស៊ើបអង្កេតបទល្មើសជាក់ស្តែង ស្រាវជ្រាវរកចាប់មុខសញ្ញាមេខ្លោង ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ជុំវិញការផ្សព្វផ្សាយវីដេអូនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺដល់សាធារណជនមេត្តាជ្រាបថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តការស៊ើបអង្កេតបទល្មើសជាក់ស្តែង ស្រាវជ្រាវតាមរកចាប់ខ្លួនឧក្រិដ្ឋជនជាមេខ្លោង ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវសមត្ថកិច្ចជំនាញយើងបង្ក្រាបបាន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅម៉ោងប្រហែល៩យប់ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវរកឃើញគោលដៅមុខសញ្ញាមេខ្លោង កំពុងលាក់ខ្លួននៅម្តុំផ្សារឈូកវ៉ា២ ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏បានចុះប្រតិបត្តិការបន្ទាន់។ ពេលចុះដល់គោលដៅគាប់ជួនយុវជន មានភិនភាគស្រដៀងគ្នានឹង មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ដែលកំពុងអង្គុយលើម៉ូតូ ក៏សមត្ថកិច្ចជំនាញយើងបានឃាត់សួរនាំ។ បន្ទាប់ពីពិនិត្យភិនភាគ និងអត្តសញ្ញាណ ទើបដឹងថាយុវជននោះមិនមែនជាមុខសញ្ញាមេខ្លោងគ្រឿងញៀននោះទេ កម្លាំងជំនាញរបស់យើងក៏បានអនុញ្ញាតឱ្យរូបគេត្រឡប់ទៅវិញ ហើយកម្លាំងសមត្ថកិច្ចក៏បានសុំការអធ្យាស្រ័យផងដែរ។

មន្ទីរប្រឆាំងគ្រឿងញៀន សំណូមពរយ៉ាងទទូចដល់សារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមដែលបានបង្ហោះវីដេអូឃ្លីបនេះ មេត្តាកុំបង្ហោះចែកចាយបន្តទៀត ព្រោះបង្កឱ្យមានការភ័ន្តច្រឡំមកលើសមត្ថកិច្ចជំនាញ ដែលបានខិតខំតស៊ូបង្ក្រាបបទល្មើសគ្រឿងញៀន និងបន្តការស្រាវជ្រាវរកមុខសញ្ញាមេខ្លោង និងមុខសញ្ញាពាក់ព័ន្ធ ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះមន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មាន មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ ពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ,093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕