(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកថវិកា ចំនួន១០០លានរៀល ដែលបានមកពីការចូលរួម របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត ដើម្បីបរិច្ចាកជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចធានាចីរភាពនៃមន្ទីរពេទ្យ។
ពិធីប្រគល់-ទទួលថវិកាខាងលើនេះ ត្រូវបានធ្វើឡើង នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ខេត្តសៀមរាប ដោយបានការចូលរួមពី លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧។
សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ស្តីពីមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យ។ អនុក្រឹត្យនេះ មាន៨ជំពូក និង១៤មាត្រា ដែលបានចែងលំអិតពីការរៀបចំ និងការប្រព្រឹត្តទៅ នៃមូលនិធិគន្ធបុប្ផាកម្ពុជា។
មាត្រា១ នៃអនុក្រឹត្យបានចែងថា អនុក្រឹត្យនេះត្រូវបានបង្កើតឡើង មានគោលបំណង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធនធាន និងវិភាគទាន ពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាឱ្យមន្ទីរពេទ្យគន្ធបុប្ផា គោរពបាននូវគោលការណ៍ទាំង៤ គឺ៖
ទី១៖ រក្សាកម្រិតបៀវត្សរ៍សមរម្យ សម្រាប់បុគ្គលិក ដើម្បីធានាបានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់ របស់បុគ្គលិក
ទី២៖ រក្សាប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រងពិសេស សម្រាប់មន្ទីរពេទ្យនេះ
ទី៣៖ បន្តអនុវត្តគោលការណ៍មិនយកកម្រៃសេវា សម្រាប់ការផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ
និងទី៤៖ បន្តរក្សា និងពង្រឹងគុណភាពដែលមានស្រាប់។
បើតាមលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យ បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ បច្ចុប្បន្នមានវេជ្ជបណ្ឌិត គិលានុបដ្ឋា គិលានុបដ្ឋយិកា និងបុគ្គលិកជាជនជាតិខ្មែរ ជំនាញវិជ្ជាជីវៈ សរុបចំនួន១,៣៦២នាក់។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានជួយកុមារជាង៩លាននាក់។ ជាមធ្យមមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ បានប្រើថវិកាប្រមាណ៤០លានដុល្លារ អាមេរិក ក្នុង មួយ ឆ្នាំៗ ដើម្បីដំណើរការជួយសង្គ្រោះ អាយុជីវិតកុមារ។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន បន្តថា តួលេខមូលជារៀងរាល់ថ្ងៃ យើងបានជួយពិគ្រោះជំងឺផ្នែកកុមារ ចន្លោះពី១,០០០ ទៅ១,៥០០នាក់ និងមាតា ចន្លោះពី៣០០ទៅ៦០០នាក់។ សម្រាប់កូនក្មេង ឱ្យសម្រាកពេទ្យ ក្នុងមួយថ្ងៃជាមធ្យម ពី២០០ទៅ២៥០នាក់ និងស្ត្រីឆ្លងទន្លេ ជាមធ្យម ពី៦០ទៅ៦៥នាក់។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្ត្រីមានផ្ទៃពោះ មកពីគ្រប់មជ្ឈដ្ឋានដោយមិនគិតថ្លៃ។ និរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមបម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គម និងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយពង្រឹង និងពង្រីកប្រសិទ្ធភាព ស័ក្ស័ក្តិសិទ្ធិភាពសេវាសុខាភិបាល៕