(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ កិច្ចប្រជុំជីវភាពប្រចាំខែជាមួយគណបក្ស ស្រុកតាំងគោក និងគណបក្សឃុំទាំង៨ ដោយបានលើកយកការងារមួយចំនួនមកពិភាក្សា និងជំរុញការអនុវត្តបន្ថែម ហើយអ្វីដែលផ្តោតសំខាន់នោះគឺការធ្វើសកម្មភាពជាប់ជាប្រចាំនៅមូលដ្ឋាន និងក្តាប់ជាប់សភាពការណ៍ ជាពិសេសត្រូវខិតខំដោះស្រាយការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក លោកប្រធាន និងអនុប្រធានគណបក្សស្រុកតាំងគោក លោក លោកស្រីប្រធានគណបក្សឃុំទាំង០៨ សរុបប្រមាណ ១៤០នាក់។
នាឱកាសនោះបន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារប្រចាំខែរបស់គណបក្សស្រុកតាំងគោកពីលោក ហាក់ ម៉ុងហួត រួច លោកបណ្ឌិត ថោង ខុន ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងបានបញ្ជាក់ផងដែរនូវការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់យើង។
ជាមួយគ្នានោះដែរលោកបណ្ឌិត ថោង ខុន ក៏បានជំរុញម្តងហើយម្តងទៀតឱ្យក្រុមការងារត្រូវខិតខំបំរើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងជួយសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ការផ្តល់សេវាសាធារណៈទាក់ទងនឹងអត្តសញ្ញាបណ្ណ សំបុត្រកំណើត និងសេវាសាធារណៈផ្សេងៗទៀតត្រូវតែធ្វើឱ្យបានល្អ, ក្នុងនោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានក៏ជារឿងចាំបាច់ ត្រូវរួមគ្នាថែរក្សាឱ្យបានសម្រាប់ប្រជាពលរដ្ឋ។ លោកក៏បានបង្ហាញបំណងចង់រៀបចំការបូកសរុបស្តីពីការផ្តល់សេវាសាធារណៈក្នុងរយៈពេល ៣ខែម្តង សម្រាប់ស្រុកតាំងគោកផងដែរ។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារធ្វើការគ្រប់គ្រងនិងកសាងសមាជិកបក្ស (រក្សាចាស់ បង្កើនថ្មី) ដោយត្រូវយកចិត្តទុកដាក់អប់រំថែបំប៉នខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង និងកសាងសមាជិកបក្សថ្មីជាយុវជនឱ្យបានច្រើន នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បន្តធ្វើបច្ចុប្បន្នភាពចុះបញ្ជី និងគ្រប់គ្រងទិន្នន័យសមាជិកបក្ស និងជំរុញការងារចលនាមហាជននៅថ្នាក់ស្រុក ឃុំ និងភូមិ ក្នុងនោះក៏ត្រូវក្តាប់ឱ្យជាប់ចំពោះប្រជាពលរដ្ឋធ្វើសំណាកស្រុកដែលត្រូវគ្រប់គ្រងឱ្យបានល្អ។
លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យជំរុញចលនាប្រជាជនដែលទើបគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ និងកសាងមុខសញ្ញាថ្មីទាំងនេះឱ្យចូលជាសមាជិកគណបក្ស និងចុះជាប់នៅមូលដ្ឋានភូមិ ក្រុមបក្ស គ្រួសារបក្ស ខ្នងផ្ទះ និងសមាជិកបក្ស ដើម្បីដឹងសុខទុក្ខ និងផ្សារភ្ជាប់ភាពជិតស្និទ្ធជាមួយប្រជាជន និងសមាជិកបក្ស និងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន តាមរយៈការឱ្យធ្វើសកម្មភាពជាប់ជាប្រចាំនៅមូលដ្ឋាន និងក្តាប់ជាប់សភាពការណ៍ និងខិតខំដោះស្រាយការលំបាក និងសំណូមពររបស់ប្រជាជន៕