(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់បណ្តាអង្គភាព អាជ្ញាធរស្រុក និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភទ បានប្រជុំផ្សព្វផ្សាយស្ដីពី ការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងខេត្តកោះកុង។
លោកស្រី មិថុនា ភូថង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុងស្រុក គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងជាពិសេស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការធានារក្សាសុខសុវត្ថិភាព ស្ថេរភាពនយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល ។
លោកស្រីអភិបាលខេត្ត បានជំរុញក្រុមព័ត៌មានរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយព័ត៌មានគាំទ្ររាជរដ្ឋាភិបាល និងត្រូវប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់រូបភាពដើម្បីប្រតិកម្មវាយ បកទៅនឹងឧបាយកលឃោសនាបោកបញ្ឆោត បង្កភាពស្រពិចស្រពិលរបស់ក្រុមនិន្នាការប្រឆាំងជ្រុលនិយម ទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងប្រើប្រាស់កុបកម្ម ឬបដិវត្តពណ៌ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឲ្យប្រែក្លាយទៅជាចលនារួម ក្នុងសង្គម ក្នុងន័យចូលរួមគាំទ្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់។
លោកស្រីសូមឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តាមមូលដ្ឋានសហការណ៍ និងធ្វើការផ្សព្វផ្សាយជូនជាមួយប្រជាពលរដ្ឋឲ្យទូលំទូលាយដើម្បីភូមិឃុំមានសុវត្តិភាពដល់ប្រជាពលរដ្ឋ៕