(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកស្អាង ស្រុកកោះធំ និងស្រុកកណ្ដាលស្ទឹង សរុបចំនួន៣៦១នាក់ និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ដឹកនាំខេត្ត និងបណ្តាស្រុកទាំង៣ នៃខេត្តកណ្តាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ។

លោក ម៉ម ប៊ុននាង បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកស្អាង ស្រុកកោះធំ និងស្រុកកណ្ដាលស្ទឹង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ ដើម្បីមកចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។

លោក បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។

លោកបានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាព ជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានជម្រាបជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងអង្គពិធីមូលអំពីតួនា ទី ភារកិច្ច និងមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា សភាពការណ៍ថ្មីៗដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្នថា មកទល់នឹងពេលនេះ ព្រឹទ្ធសភាបានដំណើរការមកដល់នីតិកាលទី៥ ដែលបានបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រកម្ពុជានិងបានបោះឆ្នោតជ្រើសរើស សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និង លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍, គណៈកម្មការនានា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមផ្សេងៗទៀត។

ចាប់តាំងពីពេលបដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាព ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជន សម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែងជាច្រើន តាមរយៈការអនុវត្តមុខងារស្នូលសំខាន់ៗរបស់ខ្លួន ពោលគឺ មុខងារនីតិកម្ម, មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ, មុខងារសហប្រតិ ប ត្តិការអន្តរជាតិ និងមុខងារតំណាង។

លោក បានបន្តថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការបង្កើនការផ្តល់ធនធានជារៀងរាល់ឆ្នាំទៅឱ្យមូលនិធិ ក្រុង ស្រុក និងឃុំ សង្កាត់ចាប់តាំងពីឆ្នាំ២០១៩។

ទន្ទឹមនេះ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការការងាររបស់ខ្លួន រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ៖

- ត្រូវធានាឱ្យមានការចូលរួមផ្តល់មតិ និងការស្តាប់យោបល់របស់ប្រជាពល រដ្ឋ។

- ដាក់ចេញនូវវិធានការប្រើប្រាស់កញ្ចប់ថវិកា សម្រាប់ការអភិវឌ្ឍមូលដ្ឋានឱ្យបានច្បាស់លាស ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។

- លើកកម្ពស់សីលធម៌ និងឥរិយាបថរបស់មន្ត្រី ឱ្យខិតខំបំពេញការងាររបស់ខ្លួន ក្នុងនាមជាអ្នកបម្រើផលប្រយោជ ន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

- ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់ ការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ និងគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋានរបស់ខ្លួន សំដៅប្រឹងប្រែងឆ្លើយតបនូវសំណើ សំណូមពរ ទុក្ខកង្វល់ទាំងនោះ ដើម្បីបង្កើននូវជំនឿជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងសភាពការថ្មីៗ លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះមានក្រុមប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម បំផុសឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ពាក់ព័ន្ធបញ្ហាបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងការកសាងព្រែកជីកហ្វូណនតេជោ។ ក្រុមជនអគតិទាំងនោះ បានព្យាយាមបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុង បង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។

ក្នុងឱកាសនោះផងដែរ លោកស្រី ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញស្តីពីការងារអត្រានុកូលដ្ឋាន និងផ្តល់នូវទស្សនទានផ្លូវច្បាប់ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ និងសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងសម្ដែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធ ផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់៕