(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកក្នុងពិធីបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាដែលប្រារព្ធធ្វើនៅទីលានវាយសី T (T-Badminton Court)។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកប្រធានបានថ្លែងថាក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវីធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីជារៀងរាល់ឆ្នាំប្រកបដោយជោគជ័យដែលឆ្នាំនេះជាឆ្នាំទី៣ និងជាឆ្នាំដ៏ពិសេសផងដែរ។ អ្វីដែលពិសេសគឺនៅត្រង់ថាបន្ថែមពីកម្មវិធីក្នុងក្របខ័ណ្ឌ គណៈមេធាវីបានរៀបចំកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី១ ដែលមានការអញ្ជើញចូលរួមពីសហភាតាមេធាវីពីបរទេសសរុបចំនួន ៧០ នាក់ ដែលក្នុងនោះ មានកីឡាករវាយសីចំនួន ៤២ នាក់ ត្រូវនឹង ២១ គូរមកពីបណ្តាប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសជប៉ុន។

ក្រៅពីកីឡាករវាយសីក៏មានកីឡាករ បាល់ទាត់មួយក្រុមពីគណៈមេធាវីនៃរដ្ឋបុមបេ ប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៅទៀតយើងមានសហភាតាសរុបចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតនេះនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗទៀតដែលរៀបចំដោយអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីកម្ពុជា។

លោកប្រធាន បានបញ្ចាក់ផងដែរថា គណៈមេធាវីតែងតែគិតគូរអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនសហភាតាដែលប្រកបវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈមួយទាមទារឱ្យយើងធ្វើការងាយនឿយហត់ច្រើនម៉ោង ប្រើប្រាស់ពេលវេលាក្នុងការស្រាវជ្រាវរាវច្បាប់សម្រាប់ការពារកូនក្តី ហើយតាមរយៈសកម្មភាពកីឡានេះ លោកប្រធាន ជឿជាក់ថាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាតានតឹងរបស់របស់បងប្អូនសហភាតាយើង។ លើសពីនេះទៅទៀត លោកប្រធាន ក៏បានសម្តែងនូវគារវកិច្ចនិងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន សហភាតាជាតិ និងអន្តរជាតិដែលបានឆ្លៀតពេលពីការងារដ៏មមាញឹក និងចំណាយ ធនធានពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរចូលរួមក្នុងកម្មវិធីប្រកួតនេះ។

ជាការឆ្លើយតប តំណាងស្ថាប័នគណៈមេធាវីបរទេស ក៏បានសូមថ្លែងអំណរគុណជូនចំពោះ លោកប្រធាន ដែលបានផ្តល់កិត្តិយកក្នុងការអញ្ចើញពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាកើតសរសើរចំពោះការដឹកនាំរបស់ លោកប្រធាន ទៅលើការរៀបចំក៏ដូចជាការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនទៅកាន់សមាជិកនីមួយៗនៃគណៈប្រតិភូតំណាងស្ថាប័នគណៈមេធាវីបរទេស។

សូមជម្រាបថា យ៉ាងហោចណាស់ មានមេធាវីបរទេស ចំនួន ៧០នាក់ មកពីចិន ហុងកុង ថៃ ជប៉ុន និងឥណ្ឌា ចូលរួមប្រកួតវាយសីមិត្តភាពអន្តរជាតិលើកដំបូង នៅកម្ពុជា។ នេះបើតាមសេចប្រកាស របស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី កម្ពុជាលើកទី៣ និង ប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា រវាងកីឡាករគណៈមេធាវីកម្ពុជា និងកីឡាករនៃគណៈមេធាវីបរទេស គឺក្នុងគោលបំណង រឹតបណ្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង៖ ១) ស្ថាប័នគណៈមេធាវីជាតិនិងបរទេស ២) មេធាវីកម្ពុជានិងមេធាវីបរទេស និង ៣) ចូលរួមលើកកម្ពស់សុខុមាលភាពមេធាវីតាមរយៈ កីឡាវាយសី។ កម្មវិធីប្រកួតទាំងពីរនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅ T-Badminton Court ។

ចំពោះកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ មានសហភាតាមេធាវី កម្ពុជា ចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមប្រកួត។ ចំណែកកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិ រវាងមេធាវីកម្ពុជានិងមេធាវីបរទេស លើកទី១នេះ មានសហភាតាមេធាវីបរទេសចំនួន ៧០ នាក់ ចូលរួមមកពីប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសជប៉ុន និងប្រទេស ឥណ្ឌា។ គូមិត្តភាពអន្តរជាតិមានចំនួន ៣២ គូ ដែលក្នុងនោះមានសហភាតាមេធាវីបរទេស ២១ គូ និង សហភាតាមេធាវីកម្ពុជា ១១ គូ៕