(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាអគារ មជ្ឈមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រៀមប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឆាប់ៗនេះ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ជូនដល់បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ។
ក្នុងឳកាសនោះលោកសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ ណែនាំដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សារបស់មន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តក្នុងការប្រតិបត្តិការងារ ធ្វើយ៉ាងណាសំដៅប្រសិទ្ធភាពខ្ពស់ និងជំរុញការអភិវឌ្ឍន៍សេវាសុខាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕